បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋទាំងអស់ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

អាមេរិក៖ បេក្ខជននាំមុខ គឺលោក Donald Trump  រួមទាំងបណ្តាបេក្ខជន ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗ នៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ។

សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានជួបជុំម្ចាស់ជំនួយចុងសប្តាហ៍ ដោយយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក ។ ក្រុមអាជ្ញាធរសុខាភិបាល របស់តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៧.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ការគាំទ្រអ៊ីស្រាអែល ជាសញ្ញាសម្គាល់នៃនយោបាយសាធារណរដ្ឋអាមេរិក ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជំនួយប្រហែល ១.៥០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុង Las Vegas កំពុងស្វះស្វែងរកការបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំង ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីក្រុមសិទ្ធិមនុស្ស ចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាតំបន់មានប្រជាជនរស់នៅច្រើន។

លោក Trump ដែលជាបេក្ខជននាំមុខក្នុងទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋ និងបេក្ខជនផ្សេងទៀត បានអំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាសចោល ហើយបានស្តីបន្ទោសរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាសមាជិកបក្សប្រជាធិបតេយ្យ ថាបានបង្កឱ្យមានវិបត្តិដ៏បង្ហូរឈាមនេះកើតឡើង៕