ប្រមុខការបរទេសរុស្ស៊ី៖ ការចោទប្រកាន់របស់អាមេរិក ពីជំនួយយោធាកូរ៉េខាងជើងគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ

បរទេស៖ លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រនេះថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងម៉ូស្គូ ទទួលបានជំនួយយោធាពីកូរ៉េខាងជើង គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ។

អ្នកសារព័ត៌មានរបស់ TASS បានសួរថា ដូច្នេះពាក្យសម្តីរបស់លោក Kirby ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីយោធារបស់ពួកយើង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ពួកយើងជាមួយកូរ៉េខាងជើង ថាពួកគេបញ្ជូនឲ្យពួកយើងនូវអ្វីមួយ គឺជាពាក្យចចាមអារ៉ាមទេឬ តើពិតទេ?

លោក Lavrov ឆ្លើយវិញថា វាជាការពិត ។ ខ្ញុំចាត់ទុកវាថាជាពាក្យចចាមអារ៉ាម ។ ខ្ញុំសូមនិយាយម្តងទៀតថា បើសិនជាពួកគេពឹងផ្អែកច្រើនលើរូបភាពផ្កាយរណប ដល់ពេលនោះមានស្ថានភាពច្រើនណាស់ជាទី ដែលរូបភាពទាំងនេះ អាចជួយធ្វើឲ្យស្ថានភាពធម្មតា ដែលរួមទាំងការពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ។

គួរឲ្យដឹងថា សេតវិមាន បាននិយាយកាលពីថ្ងៃទី១៣ ខែតុលាថា កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានផ្តល់ឲ្យ រុស្ស៊ីនូវការដឹកជញ្ជូនអាវុធ ហើយនិងបានចាត់ទុកថាវាគឺជាដំណើរវិវត្តន៍បង្កបញ្ហា ក៏ដូចជាបានលើកឡើងក្តីកង្វល់ពីទំនាក់ទំនងយោធាកាន់តែធំទូលាយរវាងប្រទេសទាំង ២ ។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបគ្នានៅក្នុងជំនួបកំពូលដ៏កម្រមួយកាលពីខែមុន ដែលពួកគេបានពិភាក្សាលើបញ្ហាយោធា សង្រ្គាមនៅអ៊ុយក្រែន ហើយនិងលទ្ធភាពដែលរុស្ស៊ីជួយដល់កម្មវិធីផ្កាយរណបរដ្ឋសម្ងាត់របស់ទីក្រុងព្យុងយ៉ាង ៕