អ៊ីស្រាអែលចង់កម្ចាត់តំបន់ហ្គាហ្សាយ៉ាងណាវិញ?
អស់រយៈពេល១៤ថ្ងៃ នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានក្លាយជាក្តីកង្វក់យ៉ាងខ្លាំងសម្រាប់ពិភពលោក ដោយសារមនុស្សជាច្រើនស្លាប់នឹងរងរបួសធ្ងន់ធ្ងរ ដែលក្នុងនោះសុទ្ធសឹងតែជាស្រ្តីភេទ និងកុមារ។ ជាងនេះទៀត តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនត្រូវកងកម្លាំងអ៊ីស្រាអែលលុកលុយ និងវាយប្រហារយ៉ាងដំណំ ខណៈពួកគេមិនទទួលបានជំនួយមនុស្សធម៌ ដែលមានដូចជាស្បៀងអាហារ និងថ្នាំសង្កូវសម្រាប់ព្យាបាលរបួសនោះឡើយ។
តើអ៊ីស្រាអែលគ្រោងនឹងកម្ចាត់តំបន់ហ្គាហ្សាយ៉ាងណាវិញ? ហើយតើពិភពលោកកំពុងប្រតិកម្មយ៉ាងដូចម្តេចខ្លះជុំវិញជម្លោះនេះ?
ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ តំបន់ហ្គាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ ដែលមានប្រជាជនចំនួន ២.៣លាននាក់បានរស់នៅប្រកបរបររកស៊ីជាធម្មតានៅក្នុងតំបន់នេះ ។ គិតត្រឹមថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ អ៊ីស្រាអែលនៅតែបន្តឈ្លានពានតំបន់ហ្គាហ្សា ។
អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាសទាំងអស់ ដែលមានទីស្នាក់ការ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបមិនឱ្យរួចខ្លួនសូម្បីតែម្នាក់ ។ ក៏ប៉ុន្តែ អ៊ីស្រាអែលមិនមានផែនការច្បាស់លាស់ ណាមួយក្នុងការបំផ្លិចបំផ្លាញតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ឬសម្លាប់រង្គាលលើប្រជាជនប៉ាឡេស្ទីននោះឡើយ បើទោះបីជាបច្ចុប្បន្នអ៊ីស្រាអែលហាក់មានប្រៀបលើប៉ាឡេស្ទីនក្តី យោងតាមការផ្សាយសារព័ត៌មាន CNA ។
សូមបញ្ជាក់ដែរថា អ៊ីស្រាអែល បានកោះហៅប្រជាជនខ្លួន ដែលរស់នៅក្នុងបណ្តាប្រទេសនានា ឱ្យមកចូលរួមធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់ បន្ទាប់ពីក្រុមហាម៉ាស់បានវាយលុកភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងនោះដែរ ក្រុមហាម៉ាស់បានសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រហែល ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ស្របគ្នានេះដែរ ប្រភពបានបន្ថែមទៀតថា គ្រាប់បែករាប់ពាន់គ្រាប់បានទម្លាប់ពីលើផ្ទៃអាកាសមកកាន់តំបន់ហ្គាហ្សា ដែលបានបំផ្លាញអ្វីៗទាំងអស់មិនថាជាហេដ្ឋារចនាសម្ព័ន្ធ អគារតូចធំ ឬជីវិតប្រជាជនស្លូតត្រង់នោះទេ។ អាជ្ញាធរតំបន់ហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ៣,៥00នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកពីលើអាកាស។ ជាពិសេសក្នុងចំណោមសាកសពទាំងនេះ មានប្រហែលមួយភាគបីជាកុមារតូចៗ។
រីឯ ជំនួយការផ្ទាល់ខ្លួនមួយចំនួនរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្តែងការព្រួយបារម្ភថា អ៊ីស្រាអែលអាចបង្កើតផែនការដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កការខូចខាតយូរអង្វែង ដល់ក្រុមហាម៉ាស់ ។ ជាងនេះទៀត ពួកគេខ្លាចថា អ៊ីស្រាអែលនឹងបង្កើតមូលដ្ឋានទ័ព នៅក្នុងតំបន់ហ្គាហ្សា ព្រោះពេលនេះអ៊ីស្រាអែលមិនបានបង្ហាញពីពេលវេលាជាក់លាក់ក្នុងការចាកចេញពីតំបន់នេះឡើយ ។
យ៉ាងណាមិញ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា អ៊ីស្រាអែល ត្រូវគិតសាជាថ្មីជុំវិញជម្លោះរបស់ខ្លួនជាមួយនឹងក្រុមហាម៉ាស់ ដោយសារតែក្រុមហាម៉ាសមិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីននោះទេ ។ លោកព្រមានទៀតថា អ៊ីស្រាអែលមិនត្រូវធ្វើខុសដូចដែលអាមេរិកប្រព្រឹត្ត បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០១ ឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសផ្សេងៗយល់ថា សង្រ្គាមនឹងផ្ទុះឡើងហួសពីព្រំដែននៃតំបន់ហ្គាហ្សា ដោយក្រុមហេសបូឡា(Hezbollah)របស់លីបង់ និងអ្នកគាំទ្រអ៊ីរ៉ង់ជាច្រើន បានបើករណសិរ្សថ្មីដើម្បីគាំទ្រក្រុមហាម៉ាស ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានទៅអ៊ីស្រាអែលនឹងអាមេរិកថា ខ្លួននឹងមិនឈរអោបដៃឡើយ ប្រសិនបើសហរដ្ឋអាមេរិកបរាជ័យក្នុងការរារាំងអ៊ីស្រាអែល៕
ប្រភព៖ CNA