កុមារ៤០ភាគរយជាអ្នករងរបួស ក្នុងបន្ទប់សង្គ្រោះបន្ទាន់តំបន់ហ្គាហ្សា

បរទេស៖ លោក Ghassan Abusittah វេជ្ជបណ្ឌិតប៉ាឡេស្ទីន អង់គ្លេស នៅមន្ទីពេទ្យ ដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក ។

លោក Abusittah ថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ដោយប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធកន្លងទៅ ។

នៅមន្ទីរពេទ្យ Al-Ahli al-Arabi លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងអគារតែមួយ ។ ភ្លាមៗដែលលោកបានលឺសំឡេងផ្ទុះដ៏ខ្លាំង ពិដានបន្ទប់វះកាត់បានបាក់រលំ មកលើលោក និងគ្រូពេទ្យផ្សេងទៀត ។ នៅក្នុងទីធ្លានោះ លោកអាចមើលឃើញសាកសព និងអវៈយវៈ នៅគ្រប់ទីកន្លែង។ លោកបានព្យាបាលបុរសម្នាក់ដែលជើងរបស់គាត់ បានដាច់ចេញពីគ្នា ។

នៅក្នុងការសងសិកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប្រទេសអ៊ីស្រាអែល បានសន្យាបោសសម្អាតក្រុមហាម៉ាស់ ក្នុងការវាយលុកឥតបង្អង់ដៃ ទៅលើតំបន់ហ្គាហ្សា។

កំហឹងកើតឡើងថ្មី បានរាលដាលនៅទូទាំងតំបន់មជ្ឈឹមបូព៌ា កាលពីថ្ងៃអង្គារ នៅពេលមានការផ្ទុះនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់ ។  មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការស្លាប់នេះ ៕