មិត្តសម្លាញ់ ពេញៗមាត់ក្នុងវេទិកាកំពូលខ្សែក្រវាត់និងផ្លូវលោក ពូទីន ហៅលោក ស៊ី ជីនពីង
ចិន៖ គម្រោងផ្តួចផ្តើមបង្កើត«ខ្សែក្រវ៉ាត់និងផ្លូវ» ទទួលបានការកោតសរសើរពីប្រធានាធិបតីរុស្ស៊ី ចំពោះចិនជាខ្លាំង ពិសេសលោកក៏ បានអញ្ជើញចូលរួមជាកិត្តិយស នៅក្នុងវេទិកាកំពូលនៅក្នុងប្រទេសចិនផងដែរ ។ ជាងនេះទៀត ប្រធានាធិបតីរុស្ស៊ី បានបង្ហើបពីការចាប់ដៃគ្នាងាកមកធ្វើទីផ្សារពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមសម្រាប់ប្រទេសទាំងពីរ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញចូលរួមនៅក្នុងវេទិកាកំពូល «ខ្សែក្រវ៉ាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន ។ លោក ពូទីន សម្តែងក្តីសោមនស្សយ៉ាងក្រៃលែង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញខ្លួនមកចូលរួមនៅក្នុងវេទិកានេះ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ។
ស្របគ្នានេះដែរ លោក ពូទីន បានហៅលោក ស៊ី ជីនពីង ថាជាមិត្តសម្លាញ់យល់ចិត្តយល់ថ្លើម ហើយបានកោតសរសើរប្រទេសចិនមិនដាច់ពីមាត់ ទាក់ទិននឹងគំនិតផ្តួចផ្តើម ធ្វើគម្រោងខ្សែក្រវាត់និងផ្លូវក្នុងរយៈពេល១០ឆ្នាំមកហើយនេះ សម្រាប់ការនាំពិភពលោកឱ្យរួបរួមគ្នាតែមួយ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះនិយាយថា ប្រទសរុស្ស៊ីនិងប្រទេសចិន ក៏ដូចជាប្រទេសភាគច្រើន នៅលើពិភពលោកសុទ្ធសឹងមានបំណងប្រាថ្នា និងគោលដៅរួមគ្នា ពោលគឺកិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងស្វែងរកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
លោក ពូទីន គូសបញ្ជាក់ទៀតថា ប្រទេសទាំងអស់មានមហិច្ឆតា ក្នុងការសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច ជាសកល យូរអង្វែងដែលប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គម ខណៈគោរពអរិយធម៌ និងសិទ្ធិបុគ្គលរៀងៗខ្លួន ។ យ៉ាងណាមិញ លោក ពូទីន អះអាងថា រុស្ស៊ីកំពុងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនសម្រាប់នាំចេញនូវផលិតផលទៅកាន់ទីផ្សារនានា នៅលើពិភពលោក ជាពិសេសការដឹកជញ្ជូនដែលត្រូវឆ្លងកាត់ផ្លូវដែនសមុទ្រខាងជើង ។
សូមបញ្ជាក់ដែរថា លោក ពូទីន ក៏មានគណៈប្រតិភូជាន់ខ្ពស់ដូចជារដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និងឧបនាយករដ្ឋមន្រ្តីរុស្ស៊ីពីររូបផ្សេងទៀត អមដំណើរជាមួយលោកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះផងដែរ៕ ប្រភព៖ CNA