មជ្ឈឹមបូព៌ា៖ បឹងទឹកប្រៃធំបំផុតបានរីង និងក្លាយជាវាលស្រែអំបិល
បឹងទឹកប្រៃ Urmia មើលតាមរូបភាពពីផ្កាយរណបបង្ហាញថា ពេញពាសដោយទឹកកាលពីខែមេសា 2016 ប៉ុន្តែមកដល់ខែកញ្ញាឆ្នាំនេះ បឹងមួយនេះហាក់បានក្លាយជាវាលស្រែអំបិលដ៏ធំធេងទៅវិញ ។
បឹង Urmia មានផ្ទៃក្រឡាប្រហែល 5,200 គីឡូម៉ែត្រការ៉េ នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ គឺជាបឹងធំបំផុតប្រចាំតំបន់មជ្ឈឹមបូព៌ា និងជាបឹងមួយក្នុងចំណោមបឹងទឹកប្រៃធំបំផុតលើពិភពលោក នៅក្នុងអំឡុងពេលមានភ្លៀងធ្លាក់ច្រើន ។
ប៉ុន្តែ ពេលនេះ បឹង Urmia ហាក់បានក្លាយជាវាលស្រែអំបិលដ៏ធំធេង។ ភាពខុសគ្នានេះបានបង្ហាញច្បាស់នៅក្នុងរូបភាពពីផ្កាយរណប Landsat 8 កាលពីខែមេសា 2016 និងរូបភាពពីផ្កាយរណប Landsat 9 កាលពីខែកញ្ញា 2023។
ឆ្នាំ 1995 បឹង Urmia មានទឹកក្នុងបរិមាណច្រើន ប៉ុន្តែក្នុងពីរទសវត្សរ៍បន្ទាប់ កម្រិតទឹកក្នុងបឹងនេះបានថយចុះជាង 7 ម៉ែត្រ ដោយបានបាត់បង់ទឹកអស់ប្រហែល 90% ធៀបនឹងផ្ទៃបឹងទាំងមូលនៅមុននោះ។
ដោយសារគ្រោះរាំងស្ងួតបន្តបន្ទាប់ ក៏ដូចជាការប្រើប្រាស់ទឹកសម្រាប់កសិកម្ម និងការសាងសង់ទំនប់នៅតាមដងទន្លេនានា ដែលជាប្រភពទឹកសម្រាប់បឹង Urmia គឺជាកត្តាសំខាន់ ដែលបានរួមចំណែកនាំឱ្យទឹកត្រូវអស់ពីបឹង៕