លោក ត្រាំ៖ សន្យាបណ្តេញជនអន្តោប្រវេសន៍ ណាគាំទ្រក្រុមហាម៉ាស និងហាមប្រាមពលរដ្ឋមូស្លីមពីសហរដ្ឋអាមេរិក
អាមេរិក៖ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា លោក ដូណាល់ ត្រាំ បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងរារាំងជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស មិនឱ្យចូលសហរដ្ឋអាមេរិក និងបញ្ជូនក្រុមមន្ត្រី ទៅក្នុងបាតុកម្មគាំទ្រក្រុមហាម៉ាស ដើម្បីចាប់ខ្លួនបាតុករ និងនិរទេសជនអន្តោប្រវេសន៍ណា ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាសាធារណៈ ។
លោក ត្រាំ នៅលើយុទ្ធនាការសំចតមួយក្នុងរដ្ឋ Iowa បានឆ្លើយតបទៅនឹងអំពើដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៣០០នាក់ និងបានបង្កឱ្យមានសង្រ្គាម ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២.៨០០នាក់ នៅក្នុងតំបន់ហ្គាហ្សា។
ប្រសិនបើ លោកត្រូវបានជាប់ឆ្នោតនៅសេតវិមានអាណត្តិទីពីរ លោកនឹងហាមឃាត់ការចូលក្នុងសហរដ្ឋអាមេរិក សម្រាប់អ្នកណាម្នាក់ ដែលមិនជឿលើសិទ្ធិរបស់អ៊ីស្រាអែល និងដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែល «ប្រឆាំងនឹងជនជាតិជ្វីហ្វ» យោងសម្តី លោក ត្រាំ ដែលបានធ្វើជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានលើកឡើង ។
លោកត្រាំ ក៏បានប្តេជ្ញាថា នឹងបង្កើនការហាមឃាត់ការធ្វើដំណើរពី «ប្រទេសណា ដែលញាំញីដោយភេរវកម្ម» ផងដែរ។ លោកមិនបានពន្យល់ពីមធ្យោបាយ ដែលខ្លួននឹងអនុវត្តការលើកឡើងនោះទេ រួមទាំងការទាមទារឱ្យជនអន្តោប្រវេសន៍គាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការមានវត្តមាន នៅក្រោមអ្វីដែលលោកហៅថា «ការត្រួតពិនិត្យមនោគមវិជ្ជាដ៏ខ្លាំងក្លា»៕