អ៊ីរ៉ង់លើកឡើងថា ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវ
អ៊ីរ៉ង់៖ សហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្លារួចហើយ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែទទួលខុសត្រូវ ចំពោះបញ្ហានេះ បើតាម មន្ត្រីអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា នេះ បានលើកឡើង។
ប្រទេសមហាអំណាចមួយក្នុងលោក សហរដ្ឋអាមេរិក កំពុងពង្រឹងអំណាចអាវុធយុទ្ធភណ្ឌរបស់ខ្លួន នៅមជ្ឈឹមបូព៌ា ដើម្បីជាការឆ្លើយតបទៅនឹងសង្គ្រាម រវាងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់ ចំពេលមានការភ័យខ្លាចពីការរាលដាលនៃជម្លោះ ក្នុងតំបន់។
ខណៈត្រូវបានសួរថា តើទីក្រុងតេអេរ៉ង់នឹងចូលទៅពាក់ព័ន្ធទេ ប្រសិនបើសហរដ្ឋអាមេរិកធ្វើដូចនោះ អ្នកនាំពាក្យក្រសួងការបរទេស លោក Nasser Kanaani បាននិយាយថា៖ «អ៊ីរ៉ង់ចាត់ទុកថា សហរដ្ឋអាមេរិកមានទំនាក់ទំនងផ្នែកយោធារួចហើយ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ»។
នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលជានាវាធំជាងគេបំផុតរបស់ពិភពលោក មានវត្តមានរួចទៅហើយ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ហើយគ្រោងនឹងមាននាវាផ្ទុកយន្តហោះទី២ របស់សហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ថា នាវាផ្ទុកយន្តហោះនេះ មិនមែនជាការបង្កហេតុនោះទេ ប៉ុន្តែជាការទប់ស្កាត់ប៉ុណ្ណោះ៕