អារ៉ាប៊ីសាអ៊ូឌីត៖ ផ្អាកកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល បែរមកបង្កើនទំនាក់ទំនងជាមួយ អ៊ីរ៉ង់
បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចផ្អាកកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៊ីស្រាអែល ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដែលនេះជាសញ្ញាមួយនៃការគិតគូរឡើងវិញ ពីគោលនយោបាយការបរទេសជាអាទិភាពរបស់ខ្លួន នៅចំពោះមុខសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់ បើតាមសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ។
កំពុងរុញឱ្យអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់កាន់តែខិតជិតគ្នាផងនោះ ក៏ជាហេតុបណ្តាលមកពីសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ខណៈទីក្រុងរីយ៉ាដ កំពុងព្យាយាមរារាំងកុំឱ្យ អំពើហឹង្សារាលដាលនៅទូទាំងតំបន់មជ្ឈឹមបូព៌ាទាំងមូល ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា នឹងមានការផ្អាកកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ស្ដីពី ការភ្ជាប់ទំនាក់ទំនងជាប្រក្រតី រវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល ដោយទីក្រុងរីយ៉ាដ មិនអាចបន្តកិច្ចចរចារ ក្នុងពេលឥលូវនេះបានទេ ហើយបញ្ហានៃការធ្វើ សម្បទានរបស់អ៊ីស្រាអែល សម្រាប់ប៉ាឡេស្ទីន នឹងអាចក្លាយជាអាទិភាពមួយដ៏ធំ នៅពេលកិច្ចពិភាក្សាចាប់ផ្ដើមឡើងវិញ ។ ប៉ុន្តែ រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះការចុះផ្សាយរបស់ Reuters។
នៅមុនសង្រ្គាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ ផ្ទុះឡើងកាលពីថ្ងៃសៅរ៍កន្លងមកនេះ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល ត្រូវបានរាយការណ៍ថាមាន ភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលអាចធ្វើឱ្យតំបន់មជ្ឈឹមបូព៌ាផ្លាស់ប្ដូរ។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក៏ធ្លាប់បាន មានបន្ទូលដែរថាកិច្ចចរចាកំពុងធ្វើឱ្យប្រទេសទាំង២ ខិតកាន់តែជិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ៕