«នេះមិនមែនជាសង្រ្គាមទេ វាជាអំពើប្រល័យពូជសាសន៍» ប្រជាជននៅតំបន់ហ្គាហ្សា

បរទេស៖ រូបភាពអ្នកអ្នកស្រុកដែលរស់នៅទីក្រុង ខាន់ យូនីស (Khan Younis) បានប្រើដៃរបស់ពួកគេ ដើម្បីស្វែងរកតាមគំនរបាក់បែកនៃផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះ បន្ទាប់ពីការវាយប្រហារតាមអាកាស នៅពេលយប់របស់អ៊ីស្រាអែល ។

ទីក្រុងខាន់យូនីស អ្នកស្រុក ដែលផ្ទះរបស់គាត់រងការខូចខាតក្នុងការទម្លាក់គ្រាប់មីសីល បាននិយាយថា៖«នេះ គឺជាអំពើប្រល័យពូជសាសន៍ មិនមែនជាសង្រ្គាមទេ វាជាការប្រល័យពូជសាសន៍ ហើយវាជាការប៉ុនប៉ង ដើម្បីផ្លាស់ទីលំនៅប្រជាជននៅតំបន់ហ្គាហ្សាស្រ្ទីប ប៉ុន្តែវានឹងមិនកើតឡើងទេ»។

យោធាបានឃើញ «ចលនាដ៏សំខាន់» នៃជនស៊ីវិលប៉ាឡេស្ទីន ធ្វើដំណើរទៅភាគខាងត្បូង មួយថ្ងៃបន្ទាប់ពីវាបានបញ្ជាឲ្យប្រជាជននៅទីក្រុងហ្គាហ្សា ភៀសខ្លួន ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានសន្យាថា នឹងមានការសងសឹកបន្ថែមទៀត ចំពោះការវាយសម្រុកចូលរបស់ក្រុមហាម៉ាស កាលពីសប្តាហ៍មុន នេះបើតាមយោធាអ៊ីស្រាអែល បានលើកឡើងនៅថ្ងៃសៅរ៍កន្លងទៅនេះ។

អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាសសម្រាប់ការវាយប្រហារមួយសប្តាហ៍មុន ដែលក្នុងនោះក្រុមយុទ្ធជនរបស់ខ្លួន បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំងជាថ្នូរ ជាច្រើននាក់។