លោក Issam Abdallah អ្នកសារព័ត៌មានរ៉យទ័រ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់

បរទេស៖ លោក Issam Abdallah អ្នកថតវីដេអូរបស់សារព័ត៌មានរ៉យទ័រ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ទី១៣ ខែតុលាកន្លងមក នៅភាគខាងត្បូងប្រទេសលីបង់ ខណៈកំពុងធ្វើការជាមួយបុគ្គលិកម្នាក់ ដើម្បីផ្តល់ការផ្សាយវីដេអូបន្តផ្ទាល់នៃការផ្ទុះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និង លោក Stephane Dujarric ជាអ្នកការទូតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ ដែលអ្នកសារព័ត៌មាន ប្រឈមមុខក្នុងតាមយកព័ត៌មានជម្លោះនេះ ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UN លោក Gilad Erdan បានសោកស្តាយចំពោះការស្លាប់របស់លោក Abdallah ហើយបាននិយាយថា ប្រទេសរបស់លោក នឹងស៊ើបអង្កេតលើករណីស្លាប់នេះ ។

អ្នកស្រី Olivia Dalton ជាអ្នកនាំពាក្យសេតវិមាន បានសម្តែងការរំលែកទុក្ខ ដល់រដ្ឋបាលរបស់លោកបៃដិន ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយនិយាយថា លោកប្រធានាធិបតី បានផ្ញើការអធិដ្ឋានរបស់លោក ។ តារាភាពយន្តហូលីវូដ លោក George Clooney ទួញសោកចំពោះការស្លាប់របស់លោក Abdallah ហើយបានពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាថាជា «រឿងគួរឲ្យឈឺចាប់» ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថា អ្នកថតវីដេអូរបស់យើងគឺ លោក Issam Abdallah ត្រូវបានសម្លាប់» តាមសារព័ត៌មានរ៉យទ័រ បានលើកឡើង។

សេចក្តីថ្លែងការណ៍នោះ បានសរសេរថា៖«យើងកំពុងស្វែងរកព័ត៌មានបន្ថែមជាបន្ទាន់ ដោយធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ និងគាំទ្រដល់ក្រុមគ្រួសារ និងសហការីរបស់លោក Issam»។