ការស្នើឱ្យប្រើអាវុធប្រល័យលោកលើហាម៉ាស ពីតំណាងរាស្ត្រ អ៊ីស្រាអែល
អ៊ីស្រាអែល៖ តំណាងរាស្ត្រ មកពីបក្សកាន់អំណាច នៅប្រទេសអ៊ីស្រាអែល លោកស្រី Revital Gotliv ដែលបានអំពាវនាវឱ្យមាន ការប្រើប្រាស់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអែរ ឆ្លើយតបនឹងក្រុមហាម៉ាស ដើម្បីស្ដារសន្តិសុខជាតិ។ «ចូរប្រើប្រាស់មីស៊ីល Jericho! គំនិតរបស់ខ្ញុំគឺថា ចូរប្រើប្រាស់អាវុធប្រល័យលោក! សូមព្រះថែរក្សាការពារកម្លាំងរបស់យើង» លោកស្រី Revital Gotliv តំណាងរាស្ត្រមកពីបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃទី 09 តុលា បានសរសើរលើបណ្ដាញសង្គម X យ៉ាងដូច្នេះ។
មីស៊ីលអន្តរទ្វីប (ICBM) Jericho របស់ប្រទេសអ៊ីស្រាអែល ដែលអាចវាយប្រហារលើគ្រប់តំបន់ក្នុងពិភពលោក ។ អ៊ីស្រាអែលត្រូវបានគេជឿថា មានក្បាលគ្រាប់នុយក្លេអែរពី 100 ទៅ 200 គ្រាប់ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះមិនបានទទួលស្គាល់ ឬបដិសេធព័ត៌មាននេះទេ។
លោកស្រី Revital Gotliv បន្តថា «អ៊ីស្រាអែលត្រូវតែប្រើប្រាស់អាវុធគ្រប់ធុន ដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន»។
ការលើកឡើងរបស់លោកស្រី Revital Gotliv ត្រូវបានលើកឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីហាម៉ាស ដែលជាក្រុមប្រដាប់អាវុធកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា កាលពីថ្ងៃទី 07 តុលា បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ និងប្រើប្រាស់កម្លាំងជើងគោក អាកាស និងជើងទឹក វាយប្រហារស្របគ្នាលើទីរួមស្រុក និងតំបន់រស់នៅនានារបស់ប្រទេសអ៊ីស្រាអែល បណ្ដាលឱ្យមនុស្សជាង 1,000 នាក់បាត់បង់ជីវិត។
កងទ័ពអ៊ីស្រាអែលបានឆ្លើយតបដោយការប្រកាសសង្គ្រាម វាយប្រហារតាមអាកាសលើគោលដៅនៅតំបន់ហ្គាហ្សា និងដាក់ពង្រាយកម្លាំងរាប់ពាន់នាក់ឡោមព័ទ្ធតំបន់នេះ។ ក៏ប៉ុន្តែ លោកស្រី Gotliv យល់ថា កងទ័ពអ៊ីស្រាអែលត្រូវតែធ្វើសកម្មភាពឱ្យបានខ្លាំងក្លាជាងនេះ៕