យានដ្រូន ៣៩គ្រឿងរបស់កងកម្លាំងអ៊ុយក្រែន រុស្ស៊ីកម្ទេច ខណៈអ៊ុយក្រែនបង្កើនការវាយលុក
រុស្សី៖ កងទ័ពរុស្ស៊ី បានកម្ទេចយានដ្រូន៣៩គ្រឿងរបស់កងទ័ពអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយលុករបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរបាយការណ៍ដែលបាននិយាយថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ៣គ្រឿង រថពាសដែក៩គ្រឿង ប្រព័ន្ធកាំភ្លើងធំM777 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង កាំភ្លើងធំបាញ់ផ្លោង M119 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង រថក្រោះ M109 ពីរគ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក ព្រមទាំងឃ្លាំងគ្រាប់រំសេវ និងអាវុធមួយចំនួនទៀត ក្នុងទិសដៅតំបន់ Kupiansk, Lyman, Donetsk, Zaporizhzhia និងតំបន់ Kherson នេះយោងតាមការរាយការណ៍ចុងក្រោយ ស្តីពីជម្លោះកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹង ។
កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់ផ្លោងចំនួន ៦គ្រាប់ ដែលបាញ់ដោយជើងទម្របាញ់គ្រាប់រ៉ុក្កែត HIMARS របស់អ៊ុយក្រែន និងបានបំផ្លាញយានដ្រូន ៣៩គ្រឿងរបស់កងទ័ពអ៊ុយក្រែន។
នៅថ្ងៃដដែលនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍ដោយនិយាយថា ការប្រយុទ្ធចំនួន ៥៥លើក បានកើតឡើងនៅតំបន់សមរភូមិមុខក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។
របាយការណ៍និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្កើនប្រតិបត្តិការវាយលុកក្នុងទិសដៅទីក្រុង Melitopol និងទីក្រុង Bahmut ៕