មន្ទីរប៉ង់តាហ្គោន៖ សន្យាសាងសង់ មូលដ្ឋានទ័ពអាកាសផ្ទាល់ខ្លួន ដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្ត ដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលម្ងៃ ។

នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិក លោក Austin បានប្រាប់អ្នកយកព័ត៌មាន ថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀត ដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេស ដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីកន្លងមក លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានព្រមានថា ប្រសិនបើយន្តហោះ F-16 ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ពួកគេនឹងត្រូវកំទេចដូចផ្នែករឹងរបស់លោកខាងលិចផ្សេងទៀត ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ ៕