អង់គ្លេស៖ បែបនឹងប្រើប្រាស់ច្បាប់ ចាប់ខ្លួនអ្នកស្រែកតវ៉ា ប្រើទង់ជាតិប៉ាឡេស្ទីន
អង់គ្លេស៖ លោក Suella Braverman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយ នៅក្នុងលិខិតណែនាំមួយផ្ញើ កាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀត ដែលបង្ហាញក្នុងបរិបទជាក់លាក់ថា ជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា ។
លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស ។ ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថា ជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅ ក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេ ហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស? បើយោងតាមការចេញផ្សាយរបស់ RT ។
លោកស្រី បានបញ្ជាក់ថា ប៉ូលិសគួរតែដោះស្រាយជាមួយនឹងការតវ៉ាណាមួយ ដែលអាចធ្វើឲ្យភាពតានតឹង ក្នុងសហគមន៍ ហើយកាន់តែតានតឹងដោយប្រើបដាប្រមាថ ការស្រែក ឬអាកប្បកិរិយាដែលអាចបកស្រាយថាជាការញុះញង់ឬការយាយីរវាងគ្នា។
លិខិតរបស់លោកស្រីកើតឡើងបន្ទាប់ពីហ្វូង មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃចន្ទ នៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុង Kensington ដោយស្រែកថា ដោះលែងជនប៉ាឡេស្ទីន ដោះលែងទៅហើយអ៊ីស្រាអែលជារដ្ឋភេរវករ ជាលទ្ធផលមនុស្សបីនាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានោះ៕