លោក ពូទីន៖ អំពើហិង្សានៅអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញពីបរាជ័យរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា

រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារ ទី១០កន្លងទៅនេះថា ការផ្ទុះអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញឲ្យឃើញពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិក ដែលលោកនិយាយថា ពួកគេព្យាយាមធ្វើផ្តាច់មុខលើកិច្ចចរចា ខណៈពុំខ្វាយខ្វល់ពីផលប្រយោជន៍របស់ប៉ាឡេស្ទីន ។

លោក ពូទីន បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani ថា លោកគិតថា មនុស្សជាច្រើនឹងឯកភាពជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍យ៉ាងច្បាស់ក្រឡែតពីបរាជ័យ របស់គោលនយោបាយសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។

លោក ពូទីន បានបន្តថា សហរដ្ឋអាមេរិក បានព្យាយាមធ្វើផ្តាច់មុខកិច្ចខិតខំអន្តរជាតិ ក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់ ហើយលោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីងតោនថាធ្វេសប្រហែសពុំបានស្វែងរកការសម្របសម្រួលដែលអាចទទួលយកបានដោយភាគីទាំង ២ ។

លោកបន្ថែមថា សហរដ្ឋអាមេរិក ពុំបានគិតគូរផលប្រយោជន៍របស់ជនប៉ាឡេស្ទីននោះទេ រួមទាំងតម្រូវការសម្រាប់រដ្ឋឯករាជ្យប៉ាឡេស្ទីន ។ ប៉ាឡេស្ទីន ចង់បានរដ្ឋនៅតំបន់វ៉េសប៊ែង និងតំបន់ហ្គាហ្សាស្រ្ទីប ក្នុងនោះតំបន់ហ៊្សេរុយសាឡឹមខាងកើត គឺជារដ្ឋធានីរបស់ពួកគេ ដែលដែនដីទាំងអស់នេះ ត្រូវបានដណ្តើមយកដោយអ៊ីស្រាអែល ក្នុងសង្រ្គាមឆ្នាំ ១៩៦៧ ។

វិមានក្រឹមឡាំង បាននិយាយមុននេះថា ខ្លួនបានទាក់ទងទៅកាន់ភាគីទាំង ២ ហើយពួកគេនឹងព្យាយាមដើរតួក្នុងការដោះស្រាយជម្លោះរវាងភាគីទាំង ២ ៕