សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមានតម្រូវការ រួបរួមពីគ្រប់បក្សនយោបាយ ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ បានផ្ញើសារជាសំឡេង តាមបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ជូនជនរួមជាតិ និងបក្ស នយោបាយនានាថា កម្ពុជាពិតជាមានការតម្រូវការនៅក្នុងការរួបរួមពីគ្រប់បក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការមានតម្រូវការរួបរួមពីបក្សនយោបាយទាំងអស់នេះ គឺដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។

​សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់បន្ថែមថា នៅក្នុងការរួបរួមកម្លាំងពីគ្រប់បក្សន យោបាយនៅកម្ពុជានេះ គឺគណបក្សប្រជាជនកម្ពុជា គោរពចំពោះឯករាជភាពរបស់គ្រប់បក្សនយោបា យទាំងអស់មិនថា បក្សធំ បក្សតូច បក្សមានសំឡេងនៅក្នុងសភា ឬ មិនមានសំឡេងនៅក្នុងសភា នោះឡើយ គឺគណបក្សប្រជាជន គោរពនូវភាពស្មើមុខ ស្មើមាត់ចំពោះគ្រប់បក្សនយោបាយទាំងអស់។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១៣ នៅកម្ពុជាបានសរសេរសំ ណើសុំចងសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំង ១៣ នោះមានដូចជា គណ បក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សនគរប្រជាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរក្រោក គណបក្សកម្ពុជាសិរី ឯករាជប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សចលនាប្រជាធិបតេយ្យ គណបក្សខ្មែរអង្គរ គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ ជាដើម៕