ជនស៊ីវិលស្លាប់ របួសយ៉ាងធ្ងន់ធ្ងរនៅយេម៉ែន ជាមួយស្នាមរបួសជារៀងរហូត មកពីគ្រាប់បែកចង្កោមរបស់អាមេរិក
អាមេរិក ៖ សោធនាកម្មនៃគ្រាប់បែកចង្កោមដែលផលិតដោយសហរដ្ឋអាមេរិក បានបង្កឲ្យមានការស្លាប់ នឹងរបួសធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល នៅក្នុងប្រទេសនេះ ព្រមទាំងបង្កឲ្យមានស្នាមរបួសជារៀងរហូតដល់ប្រជាជន នេះបើយោងតាមរបាយការណ៍ស្តីពីគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិសកម្មភាពកំចាត់មីនរបស់យេម៉ែន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទូទាំងពិភពលោកជុំវិញការផ្តល់គ្រាប់បែកចង្កោមដ៏សាហាវដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ទៅប្រទេសផ្សេងៗ។
នៅរាយប៉ាយពាសពេញទីតាំងចំនួន១២៤តំបន់ ក្នុងប្រទេសយេម៉ែន សារធាតុគ្រោះថ្នាក់ ដែលបញ្ចេញដោយគ្រាប់បែកទាំងនេះ និងសំណល់សង្រ្គាម បាននាំឱ្យមានកំណើនពិការភាពពីកំណើតក្នុងចំណោមទារកទើបនឹងកើត និងការចម្លងរោគយ៉ាងទូលំទូលាយនៃដីកសិកម្ម ដែលបណ្តាលឱ្យបសុសត្វជាច្រើនស្លាប់ ។
មជ្ឈមណ្ឌលនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកលក់អាវុធទាំងនេះ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងតម្លៃនៃការឈឺចាប់របស់ប្រជាជនទូទាំងពិភពលោក។
របាយការណ៍នេះក៏បានស្នើឱ្យប្រទេសយេម៉ែន ប្រញាប់ប្រញាល់រៀបចំផែនការបោសសម្អាតសំណល់នៃគ្រាប់បែកចង្កោម និងកម្ទេចកម្ទីដែលទាក់ទងនឹងសង្គ្រាមផ្សេងទៀតផងដែរ ។ ការខកខានមិនបានធ្វើដូច្នេះ នឹងនាំឱ្យមានការបំពុលបរិស្ថានកាន់តែអាក្រក់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងធ្វើឱ្យប្រជាជនយេម៉ែនរងទុក្ខកាន់តែធ្ងន់ធ្ងរឡើងៗ៕