កងកម្លាំងសន្តិសុខអ៊ីរ៉ង់៖ ពិតជាបានជួយដល់ ការរៀបគម្រោងរបស់ក្រុមហាម៉ាស វាយប្រហារអ៊ីស្រាអែល?

បរទេស៖  កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជួយដល់គម្រោងការវាយប្រហារ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និង បានអនុញ្ញាតឲ្យកើតឡើង នេះបើយោងតាមសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើង។

ក្រុមភេរវករ ហាម៉ាស (Hamas) និងហេស្បូឡា (Hezbollah) មានសមាជិកពីរនាក់ បានប្រាប់សារព័ត៌មាន Wall Street Journal ថា ការវាយប្រហារដ៏សាហាវកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្ស ៧០០ នាក់ត្រូវបានគ្រោងទុកនៅក្នុងកិច្ចប្រជុំជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចាប់ពីខែសីហាមកម្ល៉េះ។ ការបន្តទៅមុខចុងក្រោយត្រូវបានផ្តល់ឱ្យដោយក្រុមមន្ត្រីអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទសប្តាហ៍មុន ជាមួយនឹងក្រុមអ្នកតំណាងមកពីក្រុមហាម៉ាស លោក ក្រុមហេស្បូឡា និងក្រុមនយោបាយលីបង់ នេះបើតាមប្រភពខាងលើបានឲ្យដឹង។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា មន្ត្រីអាមេរិកមិនទាន់ឃើញភស្តុតាងថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែប្រទេសនេះជាសត្រូវរបស់អ៊ីស្រាអែលយូរមកហើយ និងជាអ្នកគាំទ្រក្រុមជីហាដនៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក ម៉ាម៉ូដ មៀដាវី(Mahmoud Mirdawi) បាននិយាយថា ការវាយប្រហារនេះគឺជា ការសម្រេចចិត្តរបស់ប៉ាឡេស្ទីន និងក្រុមហាម៉ាស  ប៉ុន្តែមន្ត្រីផ្សេងទៀតមកពីប្រទេសស៊ីរី និងអឺរ៉ុប បាននិយាយថា អ៊ីរ៉ង់បានជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ។

ដំណឹងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ បានជំរុញដល់បណ្ដាប្រទេសមូស្លីមឲ្យចូលរួមការវាយប្រហារលើអ៊ីស្រាអែល៕