ការព្រួយបារម្ភ ក្រុមហ៊ុនក្នុងស្រុក លើគម្រោងរកស៊ីរបស់ SpaceX
SpaceX ផ្ដោតទៅលើសេវាកម្ម B2C មែននោះ ជាការរកស៊ី តាមរយៈសកម្មភាពលក់រាយដោយផ្ទាល់ នោះនឹងជាការគំរាមកំហែងដ៏ធំមួយដល់បណ្ដាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក។
នៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ កំពុងតែពិនិត្យទៅលើផលប៉ះពាល់ដែលអាចកើតមានដោយសារគម្រោងផ្ដល់សេវាកម្មបែប B2C (ពីក្រុមហ៊ុនទៅអ្នកប្រើប្រាស់) របស់ក្រុមហ៊ុនអាម៉េរិក SpaceX តាមរយៈប្រព័ន្ធផ្កាយរណប Starlink។
ក្រុមហ៊ុន SpaceX កំពុងផ្គត់ផ្គង់សេវាកម្មបែប B2B (ពីក្រុមហ៊ុនទៅក្រុមហ៊ុន) នៅប្រទេសឥណ្ឌូណេស៊ី ហើយថា SpaceX នឹងពិនិត្យលទ្ធភាពផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់ដោយផ្ទាល់ ពោលគឺការលក់រាយជូនអតិថិជន យោងតាម ទំព័រ Kata Data (ឥណ្ឌូណេស៊ី) ឱ្យដឹង។
អគ្គលេខាធិការនៃសមាគមប្រតិបត្តិករប្រព័ន្ធទូរស័ព្ទចល័តឥណ្ឌូណេស៊ី (ATSI) លោក Marwan O. Baasir ទទួលស្គាល់ថា សេវាកម្ម B2B របស់ Starlink អាចជួយដល់បណ្ដាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ពិសេសគឺបណ្ដាក្រុមហ៊ុននៅជនបទ តាមរយៈការផ្គត់ផ្គង់បណ្ដាញអ៊ីនធើណិតដែលចាំបាច់។
ក៏ប៉ុន្តែ យោងតាមលោក Marwan ដដែល បើសិនជាការរកស៊ីរបស់ SpaceX ផ្ដោតទៅលើសេវាកម្មបែប B2C តាមរយៈសកម្មភាពលក់រាយដោយផ្ទាល់ នោះនឹងជាការគំរាមកំហែងដល់បណ្ដាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក។ មិនមែនមានតែ បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍ត្រូវរងផលប៉ះពាល់នោះទេ សូម្បីតែក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ មានដូចជាខ្សែកាបអ៊ីធើណិត និងអង់តែនទូរស័ព្ទក៏នឹងជួបហានិភ័យផងដែរ។
លោក Marwan សង្កត់ធ្ងន់ថា បណ្ដាក្រុមហ៊ុនក្នុងស្រុក ចង់ឱ្យការចូលមកលក់រាយរបស់ Starlink នៅឥណ្ឌូណេស៊ី ត្រូវតែស្ថិតក្នុងបណ្ដាញនៃការផ្គត់ផ្គង់របស់ជាតិ ដោយមិនអាចបដិសេធបាន។
បច្ចុប្បន្ន SpaceX មានផ្កាយរណប Starlink សរុបចំនួន 4,519 គ្រឿងនៅលើគន្លងតារាវិថីផែនដី ក្នុងនោះមាន 4,487 គ្រឿងកំពុងដំណើរការ បើតាមយោងតាមទំព័រ Kompas ចុះផ្សាយកាលពីថ្ងៃទី02 ខែសីហា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ SpaceX ក៏កំពុងមានគម្រោងបាញ់បង្ហោះ Starlink 42,000 គ្រឿងបន្ថែមទៀត ដើម្បីបង្កើតបានជាបណ្ដាញផ្គត់ផ្គង់អ៊ីនធើណិតល្បឿនលឿនដែលគ្របដណ្ដប់ទូទាំងផែនដី៕