សម្តេចតេជោ ហ៊ុន សែន៖ ផ្ញើលិខិតរំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្ម បានរងគ្រោះស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែលបានរងគ្រោះបាត់បង់ជីវិតក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន)។
យោងតាមលិខិតរំលែកមរណទុក្ខ សម្ដេចតេជោ មានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្ដេចតេជោ ចូលរួមរំលែកនូវមរណទុក្ខប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោកស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបំរើប្រទេសជាតិ ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕