អ៊ីតាលី៖ កំណើនជនអន្តោប្រវេសន៍ខុសច្បាប់ និងជនភៀសខ្លួន ទីក្រុងព្រំដែនជួបការលំបាកក្នុងការទប់ទល់បញ្ហា
បរទេស៖ ទីក្រុងអ៊ីតាលីជាប់ព្រំដែនជាមួយប្រទេសបារាំង ទីក្រុងវេនទីមីលីយ៉ា (Ventimiglia) បានកំពុងដោះស្រាយ ជាមួយនឹងការកើនឡើងនៃចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសារប្រទេសអ៊ីតាលី គឺជាកន្លែងចុះចតដ៏សំខាន់មួយ សម្រាប់ក្រុមដែលភៀសខ្លួនចេញពីតំបន់ ដែលហែកហួរដោយសង្រ្គាមនៅអាហ្វ្រិក និងមជ្ឈិមបូព៌ាឆ្ពោះទៅកាន់អឺរ៉ុប។
នៅព្រំដែនអ៊ីតាលី-បារាំង នគរបាលបារាំងបានពង្រឹងកងកម្លាំងបំពេញកាតព្វកិច្ច ហើយជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវបានស្ទាក់ចាប់ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសអ៊ីតាលី។
ប្រធានអង្គការសង្គ្រោះក្រៅរដ្ឋាភិបាល លោក យ៉ាខូប ខូឡូមបា (Jacob Colomba) នាទីក្រុងវេនទីមីលីយ៉ា បាននិយាយថា ជារៀងរាល់ថ្ងៃពួកគេផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍ រាប់សិបនាក់ទៅរាប់រយនាក់ ដែលត្រូវបាននិរទេសដោយចែកចាយស្បៀងអាហារ សម្លៀកបំពាក់ និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកទាំងនោះ។
ការជ្រើសរើសផ្លូវប្រថុយប្រថានបន្ថែមទៀតពីអ្នកភៀសខ្លួនមួយចំនួន ដើម្បីចៀសវាងការត្រួតពិនិត្យ ដូចជាផ្លូវភ្នំតូចចង្អៀត និងខ្ពស់ចោតជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្តមកដល់នៃជនអន្តោប្រវេសន៍ខុសច្បាប់ ក៏បានប៉ះពាល់ដល់សន្តិសុខសង្គម និងបរិស្ថានក្នុងតំបន់នៃទីក្រុងតូចមួយនេះ ហើយអ្នកស្រុកមួយចំនួនពិបាកទទួលយកបញ្ហាទាំងនោះណាស់។
ក្នុងឆ្នាំនេះ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងមហាផ្ទៃអ៊ីតាលី គិតត្រឹមថ្ងៃទី២ ខែតុលា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ១៣ម៉ឺននាក់ បានមកដល់ប្រទេសអ៊ីតាលី ពោលគឺជិតពីរដងនៃតួលេខជនភៀសខ្លួន និងអន្តោប្រវេសន៍ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕