នីតិកាលទី15៖ ពាក់កណ្ដាលអាណត្តិ វៀតណាមរឹបអូស ទ្រព្យពុករលួយជាង 386,000,000,000,000 ដុង
វៀតណាម៖ បេសកកម្មរឹបអូសយកទ្រព្យ ដែលបានពីអំពើពុករលួយមានការប្រែប្រួលវិជ្ជមាន ក្នុងនោះស្ថាប័នមានសមត្ថកិច្ចរឹបអូសប្រាក់បានជាង 386,000,000,000,000 ដុង បើយោងតាមស្ថាប័ននានារបស់សភា។
វៀតណាមបានរកឃើញអំពើពុករលួយចំនួន 865 ករណី ក្នុងនោះមានបុគ្គល 1374 នាក់ត្រូវបានរកឃើញថាបានរលោភច្បាប់ និងសំណងគិតជាប្រាក់ជាង 972 ពាន់លានដុង (ប្រហែល 39.8 លានដុល្លារអាមេរិក) បើរាប់ចាប់ពីដើមអាណត្តិសភានីតិកាលទី 15 ឆ្នាំ2021 ដល់ឆ្នាំ2026 នេះបើតាមទំព័រសារព័ត៌មានវៀតណាម Sai Gon Giai Phong (SGGP) ចុះផ្សាយកាលពីល្ងាចថ្ងៃទី 05 តុលា 2023។
ក្នុងនោះឃើញថាមន្ត្រីរដ្ឋការចំនួន 934 រូបត្រូវបានកាត់ទោសពីបទរំលោភគោលការណ៍រដ្ឋ។ យោងតាមស្ថាប័ននានារបស់សភា បេសកកម្មរឹបអូសយកទ្រព្យដែលបានពីអំពើពុករលួយមានការប្រែប្រួលវិជ្ជមាន ក្នុងនោះស្ថាប័នមានសមត្ថកិច្ចរឹបអូសប្រាក់ពុករលួយបានជាង 386,000,000,000,000 (386 ទ្រីលាន) ដុង ដែលប្រហែលនឹង 15.8 ពាន់លានដុល្លារអាមេរិក អចលនទ្រព្យចំនួន 249 កន្លែង និងភាគហ៊ុនជាង 56 លានហ៊ុន ។
គ្រាដែលករណីស្រដៀងនេះ នៅតែមិនទាន់ត្រូវបានចាត់ការ ដោយការរឹបអូសទ្រព្យពុករលួយធំៗ ដូចករណីក្រុមហ៊ុន Viet A ក្រុមមន្ត្រីពុករលួយដែលជាប់ពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រគល់ប្រាក់ដែលបានពីអំពើខុសច្បាប់ ខណៈដែលសមត្ថកិច្ចរឹបអូសទ្រព្យបាន 1.6 ទ្រីលានដុង (65.5 លានដុល្លារអាមេរិក) ។
សភាកុម្មុយនីស្ត ឯកបក្សវៀតណាម ដែលបច្ចុប្បន្នមានសមាជិកជិត 500 រូប ក៏បានស្នើឱ្យរដ្ឋាភិបាលបញ្ជាក់លំអិតអំពីលទ្ធផលនៃការស៊ើបអង្កេត ដោះស្រាយការតវ៉ា ចោទប្រកាន់ និងបង្ហាញឱ្យបានច្បាស់ថា ស្ថាប័ន អង្គភាព និងវិស័យណាខ្លះដែលងាយកើតមានអំពើពុករលួយផងដែរ៕