ក្នុងឆ្នាំ២០២៣ អ៊ុយក្រែន ត្រូវការនាំចេញ ៧៥ភាគរយ នៃការប្រមូលផលសរុប
អ៊ុយក្រែន៖ លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ភាគរយនៃដំណាំពីការប្រមូលផលនៅឆ្នាំនេះ បើតាមសេវាកម្មសារព័ត៌មានរបស់ រដ្ឋាភិបាលបានរាយការណ៍។
ការដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Shmyhal លើកឡើងថា “ប្រហែល ២៥ ភាគរយ នៃគ្រាប់ធញ្ញជាតិ ដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង យើងត្រូវការនាំចេញដែលនៅសល់”។
លោក Shmyhal បន្តថា អ៊ុយក្រែន កំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន តាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប និងកំពង់ផែទន្លេ Danube ក៏ដូចជាតាមរយៈ “ច្រករបៀងគ្រាប់ធញ្ញជាតិ” ថ្មី ។
យោងតាមអាជ្ញាធរ កសិករអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រមូលផលគ្រាប់ធញ្ញជាតិ និងប្រេងបានជាង ៧៩ លានតោនក្នុងឆ្នាំ២០២៣ កើនឡើង ១០ ភាគរយធៀបនឹងឆ្នាំមុន៕