របាយរាយការណ៍មន្ទីរបច្ចកោណចាត់ទុក កូរ៉េខាងជើងថាជាការគំរាមកំហែងអចិន្រ្តៃយ៍ ខ្លួនសន្យាឆ្លើយតបវិញ

កូរ៉េខាងជើង ពាក់ព័ន្ធនឹងរបាយការណ៍ កាលពីពេលថ្មីៗកន្លងទៅ របស់មន្ទីរបច្ចកោណ កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការចាត់ទុកពួកគេថាជាការគំរាមកំហែង “អចិន្រ្តៃយ៍” ដោយសារតែអាវុធមហាប្រល័យ(WMD) ហើយពួកគេនិយាយកាលពីថ្ងៃពុធនេះថា ពួកគេនឹងឆ្លើយតបចំពោះការឈ្លានពាន ឬការបង្ករឿងណាមួយរបស់សហរដ្ឋអាមេរិក ជាមួយនឹងយុទ្ធសាស្រ្តឆ្លើយតបដ៏លើសលប់បំផុត និងប្រកបដោយចីរភាព ។

មន្ទីរបច្ចកោណ បានបញ្ចេញរបាយការណ៍មិនសម្ងាត់ កាលពីសប្តាហ៍មុនស្តីពី “យុទ្ធសាស្រ្តឆ្នាំ ២០២៣ សម្រាប់ទប់ទល់អាវុធមហាប្រល័យ(WMD)” ដោយរៀបរាប់ពីការប្រឈមរបស់អាវុធ WMD និងវិធីលើកឡើងពីវា ។ របាយការណ៍នេះ បញ្ជាក់ស្របពេលដែលចិន និងរុស្ស៊ី តំណាងឲ្យការប្រឈមជាមូលដ្ឋានរបស់អាវុធ WMD នោះ កូរ៉េខាងជើង អ៊ីរ៉ង់ និងអង្គការជ្រុលនិយមហិង្សា នៅតែជាការគំរាមកំហែងអចិន្រ្តៃយ៍នៅក្នុងតំបន់ដែលត្រូវតែលើកឡើង ។

ការចាត់ទុកកូរ៉េខាងជើងបែបនេះរបស់សហរដ្ឋអាមេរិក និងការឆ្លើយតបដ៏ខឹងសម្បាររបស់កូរ៉េខាងជើង គឺជារឿងធម្មតាទៅហើយ ប៉ុន្តែការប៉ះសម្តីគ្នាចុងក្រោយនេះ បានកើតមានឡើង ស្របពេលដែលក្តីកង្វល់កើនឡើងថា កូរ៉េខាងជើង នឹងជំរុញកិច្ចព្រមព្រៀងផ្ទេរអាវុធឲ្យរុស្ស៊ី ជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ការនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយសារព័ត៌មានរដ្ឋថា សហរដ្ឋអាមេរិកទើបតែប្រកាសឲ្យដឹងពីគោលបំណងដ៏គ្រោះថ្នាក់របស់ពួកគេសម្រាប់ការឈ្លានពាន ដើម្បីបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខរបស់កូរ៉េខាងជើង ហើយនិងរដ្ឋអធិបតេយ្យភាពឯករាជ្យផ្សេងទៀត តាមរយៈការគំរាមកំហែងពួកគេជាមួយនឹងអាវុធមហាប្រល័យ ហើយយល់ឃើញថាវាជាមហិច្ឆិតាមិនត្រឹមត្រូវរបស់ពួកគេ ក្នុងការដណ្តើមយកអនុត្តរភាពយោធាពិភពលោក នេះបើតាមអ្នកនាំពាក្យមិនបង្ហាញអត្តសញ្ញាណម្នាក់របស់ ក្រសួងការពារជាតិកូរ៉េខាងជើង ៕