សមយុទ្ធយានដ្រូនទ្រង់ទ្រាយធំ កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើម នៅទូទាំងប្រទេស
អ៊ីរ៉ង់៖ ការចាប់ផ្តើមសមយុទ្ធយានដ្រូនរួមគ្នាទ្រង់ទ្រាយធំនៅទូទាំងប្រទេស របស់កងទ័ពប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ក្នុងបំណងបង្កើនការត្រៀមប្រយុទ្ធនៃយានដ្រូន UAVs នៅក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដ។
យានដ្រូនដែលផលិតក្នុងស្រុកជិត ២០០គ្រឿងរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើសមយុទ្ធរយៈពេលពីរថ្ងៃ មកពីកងកម្លាំងទ័ពជើងគោក ទ័ពអាកាស កងទ័ពជើងទឹក និងអង្គភាពការពារដែនអាកាស ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធរបស់យានដ្រូន និងបង្កើនការត្រៀមប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពល។
នៅថ្ងៃដំបូងនៃសមយុទ្ធនេះ យានដ្រូនល្បាតនិងឈ្លបយកការណ៍របស់កងទ័ព បានធ្វើប្រតិបត្តិការឈ្លបយកការណ៍នៅលើដី សមុទ្រ និងនៅជិតព្រំដែនអាកាស ខណៈគំរូនៃយានដ្រូនវាយប្រហារផ្សេងៗ បានបំផ្លាញគោលដៅដែលបានកំណត់ដោយជោគជ័យ។
ការបញ្ចេញវីដេអូក្នុងអំឡុងពេលធ្វើសមយុទ្ធ ពីអាជ្ញាធរយោធាប្រទេសអ៊ីរ៉ង់ បានបង្ហាញពីការដាក់ពង្រាយយានដ្រូន សម្រាប់ការតាមដាននាវាចម្បាំងសហរដ្ឋអាមេរិក នៅភាគខាងជើងមហាសមុទ្រឥណ្ឌា ។ កងទ័ពប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ ក្នុងការឈ្លបយកការណ៍គ្រប់ពេល និងការរកឃើញគោលដៅនាវាអាមេរិក។