អតីតប្រធានាធិបតីអាមេរិក រងដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ បន្ទាប់ពីរិះគន់ក្រឡាបញ្ជីជុំវិញករណីក្លែងបន្លំក្នុងទីក្រុង NEW YORK

អាមេរិក៖ កាលពីថ្ងៃអង្គារ ទី៣ ខែតុលានេះ ចៅក្រមដែលឃ្លាំមើលការកាត់ក្តី ករណីក្លែងបន្លំរដ្ឋប្បវេណីរបស់លោក Donald Trump បានចេញដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយសន្យាថានឹងដាក់ទណ្ឌកម្មចំពោះការបំពានណាមួយ លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងអ្នកផ្សេងទៀតក្នុងសំណុំរឿងនេះក្រោយលោក Trump ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរិះគន់ក្រឡាបញ្ជីជាន់ខ្ពស់របស់ចៅក្រម។

លោក អាស៊ អេនហ្គ័រ៉ុន (Arthur Engoron) ចៅក្រម នៃតុលាការរដ្ឋញូវយ៉កក្នុងសង្កាត់ Manhattan បានប្រាប់មេធាវីរបស់ លោក Trump និងរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី ឡេទីស្ហា ចេមស៍ (Letitia James) ដែលបាននាំយករឿងក្ដីករណីក្លែងបន្លំ ដែលការលើកឡើងបែបនេះសំដៅលើបុគ្គលិករបស់លោកថាជារឿងគឺមិនអាចទទួលយកបាន មិនសមរម្យ ហើយនឹងមិនត្រូវបានអត់ឱនឱ្យឡើយទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។

ការផ្ដល់សក្ខីកម្ម ក្នុងអំឡុងពេលសវនាការថ្ងៃទី២  ចៅក្រមបានហាមឃាត់ភាគីទាំងពីរមិនឱ្យនិយាយអំពីបុគ្គលិករបស់លោក ហើយបានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើនរណាម្នាក់មិនគោរពបទបញ្ជានេះ ។ ចៅក្រមរូបនេះ ពុំបានបញ្ជាក់ពីរបៀបនៃការដាក់ទណ្ឌកម្មទាំងនេះទេ ប៉ុន្តែពួកគេអាចរួមបញ្ចូលការរកឃើញកំហុសនៃការការមើលងាយតុលាការដែលអាចអនុវត្តការផាកពិន័យ និង ជាប់ពន្ធនាគារក្នុងករណីកម្រ។

លោកស្រី James បានចោទប្រកាន់លោក Trump កូនប្រុសពេញវ័យពីរនាក់របស់លោក អង្គការ Trump និងអ្នកផ្សេងទៀតពីបទបំប៉ោងតម្លៃទ្រព្យសកម្មក្នុងរយៈពេលមួយទស្សវត្សរ៍ ដើម្បីទទួលបានប្រាក់កម្ចីច្រើនពីធនាគារ និងលក្ខខណ្ឌធានារ៉ាប់រង និងបំផ្លើសចំនួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Trump ជាង ២ ពាន់លានដុល្លារ។ការកាត់ក្តីនេះអាចនាំទៅដល់ការរំលាយចក្រភពធុរកិច្ចរបស់លោក Trump ស្របពេលលោកព្យាយាមប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាថ្មីនៅឆ្នាំ២០២៤ខាងមុខនេះ៕