អតីតបងថ្លៃ ប្តឹងស្តី្រម្នាក់រឿងចេញសែកស្អុយជាង៣ម៉ឺនដុល្លារ
ភ្នំពេញ៖ ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីអតីតបងថ្លៃប្តឹងរឿងចេញសែកស្អុយចំនួន៣៥០០០ដុល្លារ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ។
ឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ ជាជនត្រូវចោទមានមុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៥៤E1 ផ្លូវ លេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមអំណាចសាលក្រម ចេញដោយលោក ធ្វាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះបើតាមសមត្តកិច្ចបានឱ្យដឹង ។ ដោយក្នុងសាលក្រមនោះបានសម្រេច ៖
១-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល២ ឆ្នាំ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្ការទូទាត់សងប្រាក់ ។
២-ឲ្យជនជាប់ចោទសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៥ ០០០ ដុល្លារអាមេរិក និងសំណងជម្ងឺចិត្តចំនួន ១០ លានរៀល ការទាមទារលើសពីនេះច្រានចោល ។
៣-បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ជឿន សុធី ភេទស្រី ដើម្បីអនុវត្តទោសខាងលើក្នុងពន្ធនាគារតាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយកំបាំងមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។ ក្រោយពីចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធីតាមផ្លូវច្បាប់៕