ភ្នែកអវកាសដ៏ធំក្រៃ កំពុងសម្លឹងមកផែនដី ត្រូវបានរកឃើញ
នៅអូស្ត្រាលីភាគខាងលិច តេឡេស្កុបវិទ្យុ ASKAP ថតបានរូបភាពដ៏ស្រស់ស្អាត ស្ដីពីរចនាសម្ព័ន្ធអវកាសមួយដែលមានរូបរាងដូចភ្នែកធំក្រៃលែង លាតសន្ធឹងរហូតដល់ 60,000 ឆ្នាំពន្លឺ។ នេះបើយោងតាមទំព័រ SpacePlace របស់ណាសា មួយឆ្នាំពន្លឺមានចម្ងាយប្រមាណ 9 ទ្រីលាន (9,000,000,000,000) គីឡូម៉ែត្រ។
រចនាសម្ព័ន្ធអវកាសចម្លែកនេះគឺជា កាឡាក់ស៊ីប្រភេទ Polar-ring (បកប្រែក្រៅផ្លូវការថា «កាឡាក់ស៊ីរង្វង់ចិញ្ចៀន») និងត្រូវបានដាក់ឈ្មោះឱ្យថា NCG 4632 យោងតាមការប្រកាសនៅលើទំព័រ Monthly Notices of the Royal Astronomical Society ។
ខុសពីកាឡាក់ស៊ីដែលមានផែនដី Milky Way កាឡាក់ស៊ី NCG 4632 មានថាសពន្លឺមួយ និងពពកដ៏មហិមាព័ទ្ធជុំវិញស្នូលរបស់វា។ រង្វង់ពពកនេះភាគច្រើនគឺជាឧស្ម័នអ៊ីដ្រូសែន និងផ្អៀងប្រហែល 90 ឌឺក្រេ បើធៀបនឹងផ្ទៃរបស់កាឡាក់ស៊ី។
រចនាសម្ព័ន្ធដែលមានរូបរាងដូចភ្នែកនេះអាចមានផ្ទុកធូលី និងផ្កាយ។ រង្វង់របស់ NCG 4632 លាតសន្ធឹងរហូតដល់ 60,000 ឆ្នាំពន្លឺ។ រង្វង់ឧស្ម័ននៅខាងក្រៅ បូករួមនឹងថាសខាងក្នុងដែលនៅជុំវិញស្នូល NCG 4632 ហាក់ដូចជាកែវភ្នែកដ៏ធំមួយគ្រាប់កំពុងសម្លឹងមកកាន់ផែនដី។
កាឡាក់ស៊ីរង្វង់មូលដូច NCG 4632 ជាការស្វែងយល់ នឹងរួមចំណែកជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ដឹងអំពីអាថ៌កំបាំងដែលមនុស្សមិនទាន់ដឹង ទាក់ទងនឹងរបៀបកកើតរបស់បណ្ដាកាឡាក់ស៊ី និងការវិវត្តរបស់ពួកវានៅក្នុងចក្រវាល។
មកដល់បច្ចុប្បន្ន យោងតាម Science News អ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចឆ្លើយនឹងសំណួរដែលថា «ហេតុអ្វីកាឡាក់ស៊ីមួយចំនួនមានរង្វង់មូល ខណៈកាឡាក់ស៊ីស្ទើរតែទាំងអស់បែរជាមិនរង្វង់បែបនេះទៅវិញ?»។