លោក សុខ ទូច អំពាវនាវបញ្ឈប់ផ្សាយអាក្រក់ៗពីកម្ពុជា បើការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាព​អសន្តិសុខ​ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ​ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ  នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានលើកឡើងបែបនេះថា នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ  ការជួញដូរមនុស្ស និងបញ្ហា​​អសន្តិសុខសង្គមនានា។

តាមសំណេរនៅលើគណនីហ្វេសប៊ុក លោក សុខ ទូច បានសរសេរថា “ជនរួមជាតិជាទីរាប់អានក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរឈប់បង្ហោះបង្ហាញតាមប្រព័ន្ធសង្គមនៅរូបភាពបែបនេះទៅ(រូបភាពបញ្ហាអសន្តិសុខសង្គម) ព្រោះបរទេសនិងអ្នកមានផលប្រយោជន៍ពីវិស័យទេសចរណ៍ គេយកទៅបំពុលពិភពលោកធ្វើឲ្យគេលែងហ៊ានមកទស្សនាកម្ពុជាទៀត ការបង្ហោះនោះ ប្រៀបដូចយើងជាអ្នកបំបែកវិស័យទេសចរណ៍កម្ពុជាដោយខ្លួនឯង”។

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ ប្រទេសគេផ្សេងៗ ក៏មានហេតុការណ៍អសន្តិសុខបែបនេះច្រើនជាងកម្ពុជាទៅទៀត តែប្រទេសគេព្យាយាមបិតបាំង ហើយចាត់វិធានការដែលមានប្រសិទ្ធភាព៕