អ៊ុយក្រែនបញ្ជាក់លោកខាងលិចប្រាប់ឲ្យច្បាស់ថា តើបន្តជួយដល់ពេលណា?
អ៊ុយក្រែន៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានត្អូញត្អែរនៅក្នុងបទសម្ភាសតាមទូរទស្សន៍ កាលពីថ្ងៃសុក្រទី២៩ខែកញ្ញាថា ប្រទេសលោកខាងលិច មិនច្បាស់លាស់សោះ អំពីថាតើជម្លោះអ៊ុយក្រែននឹងបញ្ចប់ដោយរបៀបណា។
លោក Danilov បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងឈរជាមួយទីក្រុងកៀវ ឲ្យបានយូរតាមដែលយើងត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិច មិនដែលបញ្ជាក់ទេថាតើ ពួកគេនឹងជួយទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ មែនឬអត់។
លោកបន្តថា “គ្មាននរណាម្នាក់អាចឆ្លើយបានច្បាស់ឡើយថា ជ័យជម្នះរបស់យើងមានន័យយ៉ាងណា។ ពួកគេប្រាប់យើងថា យើងនឹងគាំទ្រអ្នករហូត តែខ្ញុំមិនដែលឮពួកគេនិយាយពាក្យ ជ័យជម្នះ ទេ។
លោក Danilov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ចាំបាច់ត្រូវដឹងថាតើលោកខាងលិច នឹងឈរក្បែរអ៊ុយក្រែនរហូតដល់ខ្លួនឈ្នះជម្លោះមែនឬអត់ ឬថាតើការគាំទ្រនឹងបញ្ចប់នៅពេលណា។
ការអត្ថាធិប្បាយរបស់ប្រធានសន្តិសុខរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Sergey Marchenko ទទួលស្គាល់ថា ចំនួនអ្នកដែលមានឆន្ទៈផ្តល់ជំនួយឲ្យទីក្រុងកៀវ កាន់តែតិចទៅៗ៕