ម៉ូតូZOOMERបុកពីក្រោយ ស្របពេលជនជាតិចិន បើករថយន្តបត់ស្តាំមិនប្រយ័ត្ន រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិន បើកបរ រថយន្តវ៉ុលវីហ្គែនមួយគ្រឿង បត់ស្តាំវឹង ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ ZOOMER ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ម៉ូតូបកកាច់បាក់ ក រថយន្តបែកកញ្ចក់ក្រោយ អ្នកបើកបររថយន្តរត់គេចចូលហាង ក្បែរនោះបាត់។

កាលពីវេលាម៉ោង២រសៀលមានហេតុការណ៍ខាងលើកើតឡើង ចំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងមុនកើតហេតុបានឲ្យដឹងថា រថយន្តវ៉ុលវីហ្គែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3988 បើកដោយបុរសជនជាតិចិន ពីត្បូងទៅជើង នៅគន្លងជាប់សួនទ្រូងផ្លូវ លុះដល់ចំណុចកើតហេតុ បត់ស្តាំវឹងចូលហាងលក់គ្រឿងសំណង់ ធ្វើឱ្យម៉ូតូZOOMER ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1K-9771 ជិះពីត្បូងទៅជើងនៅចិញ្ចើមផ្លូវ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសបាក់ជើងស្តាំ ម៉ូតូបាក់ក រថយន្តបែកកញ្ចក់ក្រោយ អ្នកបើកបររថយន្តចុះរត់គេចចូលហាងលក់គ្រឿងសំណង់បាត់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានអ្នកគួកជេរហៅរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះទៅ រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី៕