ដឹកផ្ទុកលើសទំងន់ រថយន្តកូរ៉េដឹកអេតចាយ ដាច់របូតកង់ក្រោយ បាក់ទ្រុងក្រឡាប់ដែកអេតចាយ
ភ្នំពេញ៖ ដឹកផ្ទុកទំងន់ធ្ងន់ពេក រថយន្តកូរ៉េដឹកដែកអេតចាយមួយគ្រឿងបាន បាក់ដាច់របូតកង់ក្រោយ កាច់បាក់ទ្រុង ចាក់ដែកអេតចាយចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ។
នៅតាមផ្លូវបេតុង មុខវត្តភ្នៀត ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។
រថយន្តជួបគ្រោះថ្នាក់ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2038 ដឹកដែកអេតចាយ បើកបរដោយបុរសម្នាក់ ជាថៅកែអេតចាយ រួមដំណើរជាមួយប្រពន្ធ ដែលមានទីលំនៅ ផ្លូវ៥១ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមស្ត្រីជាម្ចាស់រថយន្ត បានឱ្យដឹងថា មុនកើតហេតុ គាត់និងប្តី ទិញដែកអេតចាយ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដឹកយកទៅផ្ទះនៅផ្លូវ៥១ ដោយបើកកាត់តាមផ្លូវបេតុងវត្តភ្នៀត ពីកើតទៅលិច ដល់ចំណុចកើតហេតុ រថយន្តបានដាច់របូតកង់ក្រោយខាងឆ្វេង ធ្វើឱ្យកាច់ទ្រុងរថយន្ត បាក់ក្រឡាប់ទ្រុងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង គ្រោះថ្នាក់មិនបង្កដល់អ្នកដទៃ ទើបឲ្យម្ចាស់រថយន្តអេតចាយ ហៅរថយន្តស្ទូចទៅលើកដែកអេតចាយចេញពីផ្លូវ រថយន្តឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕