រដ្ឋលេខាធិការក្រសួងការពារជាតិ៖ នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងវិស័យការពារជាតិ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។

លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហានយោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរពការពារដាច់ខាត រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរកងយោធពលខេមរៈភូមិន្ទ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ានពុះពារ លះបង់ គ្រប់ការលំបាក ចូលរួមនៅគ្រប់ភារកិច្ច ដើម្បីពង្រឹងវិស័យការពារជាតិអោយបានកាន់តែរឹងមាំ»។

នាឱកាសនោះលោកជំទាវ ដាំ ដារ៉ានី ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះការងារយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ការយកចិត្តទុកដាក់សិទ្ធិជាអាទិភាពឱ្យដល់យោធិនជានារី មានសិទ្ធិស្មើគ្នាទៅនឹងបុរសក្នុងការបំពេញតួនាទីភារកិច្ចការងារ សម្រាប់ជាតិមាតុភូមិនិងប្រជាជននៅក្នុងសង្គមផងដែរ។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័នអង្គភាពចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពិសេសបានគិតគូរដល់ការលើកកម្ពស់ការងារយេនឌ័រ ដោយបានប្រគល់តួនាទី-ភារកិច្ចដល់យោធិនជានារីយើងបានចូលរួមបំពេញភារកិច្ច ការពារព្រំដែន ការពារអធិបតេយ្យ បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងភារកិច្ចការពារស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ក្នុងមូលដ្ឋានដែលខ្លួនឈរជើងទទួលខុសត្រូវបានយ៉ាងល្អជាដើម។

លោកជំទាវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី ៤កងទ័ពជើងគោក ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ជាមួយគ្រប់ស្ថាប័នទ័ពជំនាញរបស់កងយោធពលខេមរភូមិន្ទ ពិសេសជាមួយអាជ្ញាធរដែនដី មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជាតិ-អង្គភាពកងយោធពលខេមរភូមិន្ទ ចាប់តាំងពីថ្នាក់យោធភូមិភាគ រហូតដល់ថ្នាក់ក្រោម នៃអង្គភាពចំណុះឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសពង្រឹងបានប្រៀបរឹងមាំ ប្រព័ន្ធការពារជាតិ នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាពពិតប្រាកដមានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍វិស័យនយោបាយ សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សផងដែរ៕