អ៊ុយក្រែន៖ អូសទាញក្រុមហ៊ុនអាវុធលោកខាងលិច មកជួយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិខ្លួន

ក្រុងគីវ៖ លោកវ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍កន្លងទៅថា លោកចង់បង្វែរឧស្សាហកម្មយោធាអ៊ុយក្រែន ឲ្យទៅជាមជ្ឈមណ្ឌលយោធាដ៏ធំមួយដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាវុធរបស់បស្ចឹមប្រទេស ដើម្បីបង្កើនការផ្គត់ផ្គង់អាវុធសម្រាប់ការវាយបករបស់ក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។

រដ្ឋាភិបាលរបស់លោកហ្សេលិនស្គី បានកោះប្រជុំជាមួយក្រុមហ៊ុនផលិតអន្ដរជាតិ ដើម្បីពិភាគ្សាពីវិធីអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្មរួមគ្នា នៅក្នុងការបង្កើតកន្លែងផលិតនិងជួសជុលអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមានការទម្លាក់គ្រាប់បែកឥតឈប់ឈរពីរុស្ស៊ីក៏ដោយ យោងតាមលោកប្រមុខរដ្ឋ បាននិយាយនៅឯសន្និសីទមួយ។

ប្រទេសអ៊ុយក្រែន បានពឹងផ្អែកយ៉ាងសំខាន់ទៅលើការគាំទ្រហិរញ្ញវត្ថុ និងយោធាពីលោកខាងលិច ហើយបានទទួលទឹកប្រាក់រាប់ម៉ឺនលានដុល្លាពីជំនួយនេះ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២មក។ ប៉ុន្ដែសង្រ្គាមនេះបានធ្វើឲ្យតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់អាវុធនិងគ្រាប់រំសេវ។

នាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតអាវុធមកពីជាង៣០ប្រទេស បានចូលរួមសន្និសីទនេះ។ ប្រទេសខ្លះ បាននិយាយថា ពួកគេកំពុងជិតអស់អាវុធពីស្ដុករបស់ពួកគេ ហើយកំពុងតស៊ូស្វែងរកការផ្គត់ផ្គង់ដើម្បីអាចជួយបង្កើនការផលិត ខណៈដែលតម្រូវការរបស់អ៊ុយក្រែន កំពុងតែកើនឡើងនោះ៕