នៅថ្ងៃអាទិត្យ ទី១ ខែតុលានេះ ការប្រកួតរត់ប្រណាំងឡើងលើភ្នំគូលែនចាប់ផ្តើមហើយ

សៀមរាប៖ រដូវកាលទី២នៃព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងឡើងលើភ្នំគូលែន បានត្រឡប់មកវិញហើយ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។ អ្នកដែលត្រូវទៅចូលរួមរត់ប្រណាំង បានទៅចុះឈ្មោះជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

រំពឹងថាការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលេន នឹងអាចទាក់ទាញអ្នកចូលរួមសរុបជាង ៥០០នាក់ ដោយនឹងត្រូវឆ្លងកាត់តំបន់ដែនជម្រកព្រៃឈើដ៏ស្រង់បំព្រង ដែលនឹងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវបទពិសោធន៍នៃសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ហើយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដែរ នឹងមានការរៀបចំដាំកូនឈើសរុបចំនួន ៥០០ដើម នៅលើដងភ្នំគូលេន រួមនឹងតំបន់ឧទ្យានជាតិផ្សេងៗ ដើម្បីបន្ថែមភាពទាក់ទាញសម្រាប់ក្រុមភ្ញៀវទេសចរណ៍សម្រាប់ជម្រុញវិស័យមួយនេះឱ្យកាន់តែមានភាពលេចធ្លោមួយកម្រិតថែមទៀត។

ក្រុមហ៊ុន CBS មានមោទនភាព ដែលបានប្រកាសពីភាពជាដៃគូថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុន Green-G8 និងក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលែនរដូវកាលទី២ នៅលើទីតាំងរមណីដ្ឋានភ្នំគូលេនក្នុងខេត្តសៀមរាប។ ក្រោមនិយមន័យ “ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល” ដែលនឹងផ្តោតទៅលើមិនត្រឹមតែភាពសប្បាយរីករាយនៃប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏សង្កត់ធ្ងន់ទៅលើការបេ្តជ្ញាចិត្តដ៏មិនងាករេរបស់យើងរាល់គ្នាក្នុងការជំរុញលើកកម្ពស់វិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ។

ការចូលរួមរបស់ក្រុមហ៊ុន CBS នៅក្នុងគម្រោងផ្តួចផ្តើមគំនិតមួយនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តជាយូរអង្វែងរបស់យើងរាល់គ្នាចំពោះកិច្ចខិតខំប្រឹងប្រែងរួមចំណែកទំនួលខុសត្រូវក្នុងសង្គម ដែលមានគ្របដណ្តប់នៅលើវិស័យផ្សេងៗទៀតជាច្រើន ដូចជាការអប់រំ បរិស្ថាន និងទេសចរណ៍។ តាមរយៈកិច្ចសហការនេះ យើងបានចូលរួមផ្សព្វផ្សាយបេសកកម្មរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអេកូទេសចរណ៍ ការដាំដើមឈើឡើងវិញ និងជំរុញលើកទឹកចិត្តសកម្មភាពគ្មានប្លាស្ទិក ដើម្បីអនាគតស្រស់បំព្រងជានិរន្តរភាពរបស់ប្រទេសកម្ពុជា៕