ប្រទេសមួយចំនួននៅអាស៊ី យកពន្ធលើអចលនទ្រព្យយ៉ាងណា?
ពន្ធលើអចលនទ្រព្យគឺជាពន្ធមួយប្រភេទ ឃើញមានវត្តមានតាំងពីបុរាណរហូតដល់បច្ចុប្បន្ន ហើយតែងតែផ្ដោតទៅលើដីធ្លី និងសំណង់នៅលើដីធ្លី។ តាំងពីបណ្ដាឆ្នាំ 200 មុនគ្រិស្តសករាជ ដល់ឆ្នាំ 300 នៃគ្រិស្តសករាជ ជនជាតិរ៉ូម៉ាំងបានយកពន្ធលើដីធ្លី និងសំណង់នៅលើដី។
បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដោយប្រើប្រាស់រូបមន្ត និងឈ្មោះផ្សេងៗគ្នា មានជាអាទិ៍ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើការចុះបញ្ជីអចលនទ្រព្យ ពន្ធមរតក ពន្ធលើអំណោយដែលសំដៅលើអចលនទ្រព្យដែលជាមរតក ឬអំណោយជាដើម។
យោងតាមនិយមន័យដែលកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធលើអចលនទ្រព្យគឺជាខ្ទង់ប្រាក់ដែលរដ្ឋប្រមូលតាមកាលកំណត់ ឬមិនតាមកាលកំណត់ ទាក់ទងនឹងការប្រើប្រាស់ កាន់កាប់ និងផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ។ គោលដៅដែលត្រូវជាប់ពន្ធនេះភាគច្រើនគឺជាផ្ទះ និងដី ប៉ុន្តែអាចខុសគ្នាខ្លះទៅតាមប្រទេសនីមួយៗ។ ឧទាហេរណ៍ នៅប្រទេសចិន ពន្ធដែលទាក់ទងនឹងអចលនទ្រព្យរួមមាន ពន្ធលើការប្រើប្រាស់ដីក្រុង ពន្ធលើគេហដ្ឋាន ពន្ធលើអចលនទ្រព្យក្នុងក្រុង និងពន្ធលើការប្រើប្រាស់ដីកសិកម្មជាដើម។ នៅប្រទេសថៃ មុនឆ្នាំ 2016 អចលនទ្រព្យដែលជាប់ពន្ធរួមមាន ផ្ទះ ដី និងការអភិវឌ្ឍដីធ្លី។ល។
បច្ចុប្បន្ន ពន្ធលើអចលនទ្រព្យកាន់តែមានតួនាទីសំខាន់នៅក្នុងខ្ទង់ប្រាក់ចំណូលសរុបរបស់ប្រទេសនានា ដោយមានអត្រាជាមធ្យមពី 3 ទៅ 4% បើធៀបនឹងប្រាក់ចំណូលសរុបដែលបានពីពន្ធនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ខណៈប្រទេសខ្លះដូចជប៉ុនជាដើម អត្រានេះឡើងជិតដល់ 8%។
តារាងសមាមាត្រនៃចំណូលបានពីពន្ធលើអចលនទ្រព្យ ធៀបនឹងចំណូលសរុបដែលបានពីពន្ធនៅប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ខាងក្រោមនេះ៖
ប្រទេស 2005 2006 2007 2008 2009 2010 2011 2012 2013 2014
ជប៉ុន 7.3 6.8 6.8 7.3 7.9 7.7 7.5 7 6.8 6.4
កូរ៉េខាងត្បូង 2.4 3.1 3.6 3.6 3.2 3.1 3.0 3.0 3.1 3.2
ឥណ្ឌូណេស៊ី 4.3 4.8 4.5 3.6 3.6 3.7 3.1 2.7 2.1 1.8
ម៉ាឡេស៊ី 3.9 4.2 4 3.6 3.9 4 3.5 3.2 3.2 3.4
ហ្វ៊ីលីពីន 3 2.6 2.4 2.4 2.6 2.4 2.5 2.4 2.2 2.2
សិង្ហបុរី 7.1 7.0 6.6 7.6 5.4 6.7 8.5 7.5 8.2 8.0