រុស្ស៊ី៖ តាមដានបំផុតចំពោះការដាក់ពង្រាយប្រព័ន្ធសព្វាវុធ របស់អាមេរិក ក្នុងតំបន់អឺរ៉ុប

ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវជំហានរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលពីមុនត្រូវបានហាមឃាត់ដោយ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) នៅតំបន់អឺរ៉ុប បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ការលើកឡើងនៅក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova ថា“យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវរាល់ជំហានរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តផែនការធ្វើឱ្យមានស្ថិរភាព ដែលពាក់ព័ន្ធនឹងការដាក់ពង្រាយអាវុធទាំងនេះ” ។

លោកស្រីបានធ្វើការកត់សម្គាល់ថា នេះគឺមានសារៈសំខាន់ណាស់ ជាពិសេស ដោយពិចារណាលើការផ្អាករបស់រុស្ស៊ី ចំពោះការដាក់ពង្រាយមីស៊ីលដែលបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនេះ។  “ខ្ញុំចង់រំលឹកអ្នកថា លទ្ធភាពជោគជ័យនៃការផ្អាករបស់រុស្ស៊ី ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការលេចឡើងនៃ រឿង(ទាំងនេះ) គឺ មីស៊ីលរបស់អាមេរិក … នៅក្នុងតំបន់ដែលពាក់ព័ន្ធ” ។

លោកស្រី Zakharova បញ្ជាក់ទៀតថា ប្រព័ន្ធសព្វាវុធដែលកំពុងពិភាក្សានោះ គឺជាឧបករណ៍បាញ់គ្រាប់ MK-70 ដែលដាក់នៅលើកុងតឺន័រ។ ប្រព័ន្ធនេះមិនត្រឹមតែប្រើសម្រាប់មីស៊ីល SM-6 ប៉ុណ្ណោះទេ វាថែមទាំងត្រូវបានកែសម្រួល និងអាចប្រើសម្រាប់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ផងដែរ ។

លោកស្រីក៏បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមរៀបចំផ្ទេរប្រព័ន្ធមីស៊ីលទាំងនេះ ដែលពីមុនត្រូវបានហាមឃាត់ដោយស្ថិតក្រោមសន្ធិសញ្ញា INF ទៅកាន់តំបន់អឺរ៉ុប។ តែនៅក្នុងឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពីសន្ធិសញ្ញា INF នេះវិញ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត បានចុះហត្ថលេខាលើសន្ធិសញ្ញា INF នៅក្នុងឆ្នាំ១៩៨៧ ដែលហាមប្រាមលើការកាន់កាប់ អភិវឌ្ឍន៍ និងការសាកល្បងមីស៊ីលបាញ់ពីលើដីដែលមានចម្ងាយចាប់ពី៥០០រហូតដល់៥.៥០០ គីឡូម៉ែត្រ ៕