ឃាតកម្មកាលពីចុងឆ្នាំមុន ប្ដីប្រពន្ធ២នាក់ ចៅក្រមសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់១០ឆ្នាំ

ភ្នំពេញ៖ ប្រកាសសាលក្រមលើមនុស្សប្រុសស្រីប្តីប្រពន្ធ២នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗ១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ជនជាប់ចោទ ១-ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិ ស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ២-ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ  ត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ជីវ័ន្ត ជនជាតិខ្មែរកម្ពុជាក្រោម។ ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចល័តតាម ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។

រីឯជនរងគ្រោះ មានឈ្មោះ យ៉ាន់ រី (Danh Ri) ហៅខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ មានលំនៅ ភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។

ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះ មន្ត្រីជំនាញបានឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ ជនដៃ ដល់ឈ្មោះពេជ្រ ជីវ័ន្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ដាច់ក ពិតមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះជនរងគ្រោះបានលួចទាក់ទង ជាមួយប្រពន្ធរបស់ខ្លួន ទើបខ្លួនបានរៀបគម្រាងសម្លាប់ជនរងគ្រោះចោលតែម្តង។

គួររំលឹកបន្តិចថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គេបានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅត្រង់មុខកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូល ផ្សារទំនើបជីបម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ក្នុងអំពើឃាតកម្ម ដោយជនសង្ស័យកាប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកាប់ដាច់កតែម្ដង៕