សម្ដេចធិបតី៖ អបអរសាទរ ដល់កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារក្នុង១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារ អបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួល ដើម្បីចូលរួនមជួយដល់បងប្អូនកម្មករនិយោជិត។
សម្ដេចធិបតីថ្លែងថា៖«ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង»។
សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់៕