បាល់បោះស្គាល់ពាក្យឈ្នះលើកដំបូង ស្របកីឡា ៥ប្រភេទបញ្ចប់ភារកិច្ចមុនគេក្នុងកីឡាអាស៊ី
ចិន៖ ៥ប្រភេទកីឡានៃអត្តពលិកកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមានកីឡាហែលទឹក តេក្វាន់ដូ WT យូដូ គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល។ រីឯក្រុមបាល់បោះកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥ពិន្ទុ កាលពីម្សិលមិញ ។
សម្រាប់កីឡាហែលទឹក បានបញ្ចូនអត្តពលិក ៤រូបចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ហើយកីឡាការិនី ២នាក់ចុងក្រោយ ដែលបានប្រកួតពីម្សិលមិញ គឺកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១០.១០វិនាទី និងកីឡាការិនី សុខ វរល័ក្ខណ វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ឈរលេខ៧ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១៥.៧៤វិនាទី ពុំបានឡើងវគ្គបន្ដឡើយ។
ចំណែកកីឡាតេក្វាន់ដូវិញ អត្តពលិកចុងក្រោយរបស់ខ្លួន គឺកីឡាករ វ៉ា មិថុនា បានប្រកួតចាញ់កីឡាករ នេប៉ាល់ Baral Abhishek ទាំងប្រផិតប្រផើយ បន្ទាប់ពីស្មើពិន្ទុគ្នា ៣-៣ពិន្ទុ ក្នុងទឹកទី១ តែសោកស្ដាយទឹកទី២ មិថុនា បានចាញ់ ៥-៨ពិន្ទុ នាំឲ្យអតីតម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ រូបនេះ អស់ឱកាសឡើងវគ្គបន្ដ ដូចមិត្តរួមជាតិ ៤រូបផ្សេងទៀតដែរ ។ រីឯក្រុមអត្តពលិកកីឡាគុនដាវ យូដូ និងបាល់ទះបុរសក្នុងសាល សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។
ដោយឡែកក្រុមបាល់បោះជម្រើសជាតិកម្ពុជា លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់វិញ បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីដៃក្រុមជម្រើសជាតិថៃ និងកាហ្សាក់ស្ថាន កម្ពុជាបានស្គាល់ជ័យជម្នះលើកដំបូងលើក្រុមគៀហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ១៧-១៥ពិន្ទុ មុនបន្ដប្រកួតបញ្ចប់ពូលD ជាមួយក្រុមខ្លាំងកាតា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក។
ចំនែកឯវិញ្ញាសាកីឡាក្រុម ១ប្រភេទទៀត គឺកីឡាគ្រិកឃីត ដែលបានចាប់ផ្ដើមការប្រកួតដំបូងរបស់ខ្លួន កាលពីម្សិលមិញ បានចាញ់ក្រុមខ្លាំងជប៉ុន ទាំងប្រផិតប្រផើយ ដោយលទ្ធផល ១២៦-១២៥ពិន្ទុ ។ បរាជ័យនេះ នាំឲ្យក្រុមគ្រិកឃីតកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយ ជាមួយក្រុមហុងកុង និងជំនួបរវាងជប៉ុន និងហុងកុង ដើម្បីដឹងថា ក្រុមណានឹងឈរកំពូលតារាង ហើយបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ ។
គួរដឹងថា មកទល់ពេលនេះ កម្ពុជានៅសល់កីឡា ១២ប្រភេទទៀត នឹងត្រូវបន្ដការប្រកួត ខណៈនៅថ្ងៃទី២៨ ខែកញ្ញានេះ ពុំមានអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតនោះទេ៕