ពលរដ្ឋអ៊ីស្រាអែល៖ សហរដ្ឋអាមេរិកអនុញ្ញាតឲ្យ ធ្វើដំណើរមកដោយពុំចាំបាច់មានទិដ្ឋាការ
អាមេរិក៖ រដ្ឋបាលលោក បៃដិន កំពុងទទួលយកអ៊ីស្រាអែលចូលទៅក្នុងក្រុមជម្រើសនៃក្រុមប្រទេស ដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានទិដ្ឋាការជាមុន។
ការសម្រេចចិត្ត ដែលបានប្រកាសកាលពីថ្ងៃពុធកន្លងមកនេះ កើតឡើង បើទោះបីជាមានការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើជនជាតិអាមេរិក-ប៉ាឡេស្ទីន និងជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ដែលបានបង្កជម្លោះជាញឹកញាប់ជាមួយរដ្ឋបាលលោកបៃដិន។
ជនជាតិអ៊ីស្រាអែល នៅក្រោមកម្មវិធីលើកលែងនេះ នឹងអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់គោលបំណងអាជីវកម្ម ឬលំហែកាយបានរហូតដល់ ៩០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ដោយគ្រាន់តែចុះឈ្មោះជាមួយប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការអនុញ្ញាតការធ្វើដំណើរ។ ប៉ុន្តែទោះបីជាពួកគេត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរក្រោមប្រព័ន្ធនោះក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន នៅតែអាចរារាំងពួកគេមិនឲ្យចូលប្រទេសនេះបានដែរ។
ប្រទេសអ៊ីស្រាអែល បាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងបញ្ចប់នៃឆ្នាំថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលកម្មវិធីនេះ ដោយមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិទទួលបាន នៅឆ្នាំក្រោយនោះទេ។