កម្ពុជា​-​ថៃ បង្ហាញ​ក្តីសង្ឃឹម​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​

ភ្នំពេញៈ ចំពេលនាយករដ្ឋមន្ដ្រី​ថៃ​ដែល​ទើប​ជាប់ឆ្នោត​ជ្រើសរើស​កម្ពុជា​ជា​ប្រ​​ទេស​ដំបូង​គេ​ក្នុង​អាស៊ាន​ដើម្បី​បំពេញ​ទស្សនកិច្ច​របស់លោក​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ​សហគមន៍​ធុរកិច្ច​កម្ពុជា​-​ថៃ បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង​ ២ ​កាន់​តែមាន​ភាពរឹងមាំ។

​​យោងតាម​ការប្រកាសរ​បស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (MFAIC) នៅ​ថ្ងៃទី​ ២៦ កញ្ញា លោក សេដ្ឋា ថា​វី​ស៊ីន នាយក​រដ្ឋមន្ដ្រី​ថៃ នឹង​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា នា​ថ្ងៃទី​ ២៨ កញ្ញា ឆ្នាំ ២០២៣​។

​MFAIC ត្រូវបាន​គេ​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​នា​យក​រដ្ឋមន្ដ្រី​ទាំង​ ២​ នឹងមាន​ជំ​នួ​ប​ទ្វេភាគី​ក្នុង​គោលបំណង​កំ​ណ​ត់​ទិសដៅ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​កា​រលើ​គ្រប់​វិស័យ ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុ​ភាគី​»​។​ ភាគី​ទាំង​ ២ ​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ស្ដីពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​និង​ក្ដីបារម្ភ​រួម​។​

ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​នៅ​កម្ពុជា (TBCC) ​លោកស្រី Jiranun Wongmonkol បាន​លើកឡើង​ កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា​ថា កម្ពុជា​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ក្នុង​អាស៊ាន ដោយសារ​វា​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​មេដឹកនាំ​ទាំង​ ២ (​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​)​។

​​លោកស្រី​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ថ្មី​របស់ខ្ញុំ នឹង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​សម្រាប់​ការពិភាក្សា និង​ការចរចា​កាន់​តែមាន​ភាពរលូន ខណៈ​អតីត​មេដឹកនាំ​ទាំង​ ២ (​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​) មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ដូច្នេះ​នាយករដ្ឋមន្ត្រី​ថ្មី​ទាំង​ ២ ​នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែមទៀត​»​។

​​លោក អនុប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ​(CBC) សរ សារិន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា​ថា ប្រទេស​ថៃ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ លោក​យល់​ឃើញថា ដោយសារតែ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​រួចហើយ នឹង​បង្កើត​ទំនុកចិត្ត​បន្ថែមទៀត​សម្រាប់​វិ​និ​​យោគិន​របស់​កម្ពុជា និង​ថៃ ក្នុងការ​ពង្រីក​អាជីវកម្ម និង​ការវិនិយោគ​។​

​លោក​បន្តថា​៖ «​យើង​ជឿថា ពា​ណិ​​ជ្ជ​កម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​នឹង​ពង្រីក​បន្ថែមទៀត ខណៈ​ទំនាក់ទំនង​ល្អ​រវាង​មេដឹកនាំ​ទាំង ​២ ​មាន​ភាពរឹងមាំ​ខ្លាំង ដែល​ការណ៍​នេះ​នឹង​ក្លាយជា​ចំណុច​សំខាន់​សម្រាប់​វិនិយោគិន​»​។​

​យោងតាម​លោកស្រី Jirinun ក្រុម​ហ៊ុន​ពហុ​ផលិតផល Big C របស់​ថៃ​នឹង​សាងសង់ Big C Super Market នៅ​ភ្នំពេញ បន្ទាប់ពី​បាន​សាងសង់​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោកស្រីគូស​បញ្ជាក់ថា​៖«​នៅពេលដែល​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​រួមមាន CP Group, GTC Group និង​ក្រុមហ៊ុន​ផ្សេងទៀត​ពង្រីក​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ការសាងសង់​នេះ​នឹង​ជា​រោងចក្រ​ដ៏​សំខាន់​មួយ​ដើម្បី​ទាក់ទាញ​ការចាប់​អារម្មណ៍​បន្ថែមទៀត​ពី​ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម​ថៃ​នឹង​ចូលមក​កម្ពុជា​»​។

​​យោងតាម​ទិន្នន័យ​បាន​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រទេស​ទាំង ​២​ បាន​ជួញដូរ​ទំនិញ​មានតម្លៃ ១,៧​ ពាន់​លាន​ដុល្លារ​ក្នុង​ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ធ្លាក់​ចុះ ៨,៧៨ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។​

​ជាមួយគ្នានេះ​ការនាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ថៃ​សម្រេចបាន ៤៨០,២៤​ លាន​ដុល្លារ កើនឡើង ៩,៤៧​ ភាគរយ ខណៈ​ការ​នាំចូល ១,២២​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ១៤,៣៨​ ភាគរយ​៕