ឥណ្ឌូណេស៊ី៖ នៅសប្តាហ៍នេះ អាចបិទការលក់តាមអនឡាញ
ឥណ្ឌូណេស៊ី៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថា ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គមទៀតឡើយ ក្នុងគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ។
លោក Widodo បញ្ជាក់ថា ច្បាប់នៃការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយលក់ទំនិញនៅលើបណ្តាញសង្គម អាចនឹងចេញនៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកបន្ថែមថា ប្រជាជនតែរំពឹងទុកលើការរីកចម្រើននៃបច្ចេកវិទ្យាដែលអាចបង្កើតសក្ដានុពលសេដ្ឋកិច្ច ប៉ុន្តែពួកគេក៏រំពឹងទុកដែរថា បច្ចេកវិទ្យានោះក៏មិនសម្លាប់សេដ្ឋកិច្ចដែលមានស្រាប់ដូចគ្នា។
ទន្ទឹមនោះ យោងតាមរយៈ លោក Jerry Sambuaga អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិច ដោយប្រើការកំណត់តម្លៃទាបនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។
ឃើញថា កាលពីដើមខែនេះ លោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម Jerry Sambuaga ធ្លាប់បានលើកឡើងហើយថា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មសង្គមមិនអាចរួមបញ្ចូលគ្នាបានទេ ។ ពាក់ព័ន្ធជាមួយបញ្ហានេះ មន្ត្រីមួយចំនួនបានលើកឡើងអំពីវេទិកាវីដេអូ TikTok ជាពិសេសតែម្ដង ។ ប៉ុន្តែអ្នកនាំពាក្យ TikTok នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ។
គួរបញ្ជាក់ថា កម្មវិធី TikTok នៅអាស៊ីអាគ្នេយ៍មានអ្នកប្រើប្រាស់ចំនួន ៣២៥ លាននាក់ ដោយក្នុងនោះមាន ១២៥ លាននាក់ស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយមានអាជីវកម្មខ្នាតតូចចំនួន ២ លាននៅលើ TikTok Shop ៕