អឺរ៉ុប គួរតែទិញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ឲ្យទៅអាហ្វ្រិក

UN៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានធ្វើការលើកឡើង នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ថា គណៈកម្មការអឺរ៉ុប គួរតែទិញកសិផល របស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបនេះ និយាយថា វាមិនត្រូវការ ហើយបញ្ជូនវាទៅបណ្តា ប្រទេសអាហ្វ្រិក។

សម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់ទីក្រុងមូស្គូ ម្តងហើយ ម្តងទៀតថា បានធ្វើឲ្យជាប់គាំងនូវការនាំចេញ គ្រាប់ធញ្ញជាតិ រាប់លានតោន នៅក្នុងកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែន និងបណ្តាលឱ្យកើតមានជាវិបត្តិស្បៀង អាហារពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅទូទាំងទ្វីបអាហ្រ្វិក នេះយោងតាមការចេញផ្សាយ របស់ RT ។

លោក Lavrov បានបន្តថា ៖ ចាប់តាំងពីគណៈកម្មការអឺរ៉ុប បានខ្ជះខ្ជាយលុយរាប់សិបពាន់លានដុល្លារ លើអ៊ុយក្រែន នោះមក ប្រសិនបើពួកគេយកលុយ ទាំងនោះទៅទិញគ្រាប់ធញ្ញជាតិ ដែលអ៊ុយក្រែនចង់លក់ ហើយបណ្តាប្រទេស EU មិនចង់ ទិញ សម្រាប់ហេតុផលប្រកួតប្រជែង ហើយបញ្ជូនវាទៅអាហ្វ្រិកវិញនោះ គឺជារឿងដ៏ល្អបំផុត ។

អ្នកការទូតកំពូលរបស់រុស្ស៊ីដដែលរូបនេះ បានឲ្យដឹងទៀតដែរថា កសិផលអ៊ុយក្រែន ត្រូវបានផ្គត់ផ្គង់ទៅឱ្យបណ្តាប្រទេសអ៊ឺរ៉ុប យ៉ាងច្រើនហូរហៀរ ប៉ុន្តែពួកគេភាគច្រើនមិនចង់ទិញវាទេ ដោយសារតែ ពួកគេមានកសិករ និងកសិផលផ្ទាល់ខ្លួន ហើយមិនចង់ឱ្យទីផ្សារក្នុងស្រុក ធ្លាក់ចុះ ដោយសារតែការប្រកួតប្រជែង ជាមួយនឹងផលិតផលធូរថ្លៃរបស់ អ៊ុយក្រែនឡើយ៕