៥ថ្ងៃនៃបេសកកម្មក្រៅប្រទេសរបស់សម្ដេចធិបតី សម្រេចបានលទ្ធផលថ្មីៗសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបេសកកម្មដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិជាលើកទី៣ក្នុងរយៈពេល១ខែនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​អញ្ជើញ​មាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញ ហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

បេសកកម្មក្រៅប្រទេសលើកទី៣របស់សម្ដេចធិបតីរយៈពេល៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗ​យ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា ក៏ដូចជា​ការលើក​ស្ទួយកិត្យានុភាពជាតិខ្មែរ​លើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ​និងក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្ដេចធិបតី នាយកដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ក្រៅពីមានជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ ​សម្ដេចធិបតី ​ក៏បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជន​បរទេស​សំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមានអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ​រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុន Pfizer ជាដើម។

ជាការកត់សម្គាល់វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​នៅទីក្រុងញ៉ូវយ៉ក បានទទួលការស្វាគមន៍ប្រកបដោយ​មនោសញ្ចេតនា​មហា​គ្រួសារខ្មែរ យ៉ាងរីករាយកក់ក្ដៅពីសំណាក់បងប្អូន​ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។

សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង៣លើក​ ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បី​សម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ រួមមាន៖ ១-ការងារការទូត គឺដើម្បីបង្ហាញថា កម្ពុជា​ជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ ២-ការងារនយោបាយ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ៣-ការងារសេដ្ឋកិច្ច គឺការ​ខិតខំ​កៀរគរ​ការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ​ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញ​ភ្ញៀវទេសចរណ៍។

សម្ដេចធិបតី សង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាលកម្ពុជា​ គ្មាន​រាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការ​បោះឆ្នោត​នោះទេ ផ្ទុយទៅវិញបានដាក់ចេញ និង​ចាប់ផ្ដើមអនុវត្តប្រកបដោយភាព​ស្វាហាប់​នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ​ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕