ក្រសួងអប់រំ៖ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល

ភ្នំពេញ៖ ការប្រកាសរៀបចំឱ្យមានការប្រកួតស្នាដៃរចនា  បង្កើតរូបតំណាង(Mascot) នៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និង អ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់​ជាតំណាងនៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។

មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន នឹងកីឡា ប្រកាសរៀបចំកម្មវីធីការប្រកួតស្នាដៃ​រចនា​រូបតំណាង (Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។

រូបតំណាង (Mascot) ជាស្នាដៃសិល្បៈច្នៃប្រឌិតប្រកប​ដោយភាពទាក់ទាញពីសំណាក់​ប្រជាជន​គ្រប់វ័យ ដែលអាចធ្វើជាតំណាងនៃអត្តសញ្ញាណរួម ​នៃកម្មវិធី ស្ថាប័ន​ ឬយុទ្ធនាការសាធារណៈ ដែលអាចផលិតជារូបតុក្កតា​ វត្ថុអនុស្សាវរីយ៍ ឬរូបភាពរចនា។ រូបតំណាង (Mascot) សម្រាប់​ការអប់រំ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជារូបតំណាង​ (Mascot)ការអប់រំឌីជីថល អាចជារូបសត្វ រូបតុក្កតា​មនុស្ស រូបសំយោគ ឬជារូបបង្កើតថ្មី ដែលអាចបង្ហាញពីលក្ខណៈពិសេសនៃការអប់រំវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។ ស្នាដៃវិចិត្រកម្មនៃបង្កើតរូបតំណាង (Mascot) ត្រូវតែជាស្នាដៃដើម​ ពុំលួចចម្លង ឬយកលំនាំតាមគំរូស្នាដៃណាមួយជាដាច់ខាត។

ទោះបីជាអ្នករចនានិងបង្កើតស្នាដៃទាំងអស់ប្រើប្រាស់រចនាបទសហសម័យនិងទំនើបយ៉ាងណាក៏ដោយ ក៏ស្នាដៃវិចិត្រកម្ម និងការរចនាទាំងអស់ត្រូវតែអនុលោមទៅតាមភាពឧត្តងឧត្តមនៃប្រពៃណីជាតិខ្មែរ។ អ្នករចនានិងបង្កើតស្នាដៃអាចប្រើប្រាស់កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត ដើម្បីជួយពង្រីកគំនិតសម្រាប់ការរចនារូបតំណាង តែមិនត្រូវយកលទ្ធផលដែលគូរ​ដោយ​កម្មវិធី ឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត មកដាក់ប្រកួតឡើយ។

រូបតំណាង (Mascot) ត្រូវតែរចនាក្នុងទម្រង់ ដែលអាចផលិតជាតុក្កតាបាន។ ការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីថល នឹងត្រូវឆ្លងកាត់ដំណាក់កាលចំនួន៣ រួមមាន ៖

១. ដំណាក់កាលទី១ ៖ សិស្សានុសិស្ស និស្សិត វិចិត្រករ និងអ្នករចនារូបភាពកម្ពុជា ឬបរទេសដែលមានចំណាប់ អារម្មណ៍ សូមផ្ញើ”គំនូសព្រាង” (Sketch) នៃរូបតំណាងទាំង២​ដែលអាចគូរដោយខ្មៅដៃ ឬកុំព្យូទ័រ លើក្រដាស ឬផ្ទាំងBackground ដែលផ្ទៃពណ៌ស ដោយ​មិនប្រើស្រមោល និងដោយមិនដាក់ពណ៌ ធម្មជាតិបន្ថែម។”គំនូសព្រាង” នៃរូបតំណាងទាំង២ (Mascot មួយសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងមួយទៀតសម្រាប់ការអប់រំឌីជីថល) ត្រូវបង្ហាញផ្នែកខាងមុខខាងក្រោយ និងចំហៀង ក្នុងទម្រង់ឈរពេញមួយជំហរ។

មូលនិធិសម្រាប់ការស្រាវជ្រាវ ​គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំយុវជន និងកីឡា និងចាប់ផ្តើមទទួលគំនូសព្រាង”នេះតាមរយៈអ៊ីម៉ែល   event@moeys. gov.kh ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

២. ដំណាក់កាលទី២ ៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសស្នាដៃរចនាដែលមានល័ក្ខណៈគួរឱ្យចាប់អារម្មណ៍ ហើយនឹងទាក់ទង​ទៅកាន់អ្នករចនាដែលជាម្ចាស់ស្នាដៃទាំងនោះ ដើម្បីស្នើសុំការបកស្រាយពន្យល់​ពីអត្ថន័យ​នៃការរចនារូបតំណាង Mascot។ បន្ទាប់មក អ្នករចនានិងបង្កើតស្នាដៃអាចរៀបចំកែលម្អ“គំនូសព្រាង” ដែលមានស្រាប់ឱ្យក្លាយជា“ស្នាដៃរចនាពេញលេញ” ដែលអាចជាគំនូរគូរ​ដោយដៃហើយប្រើពណ៌ឬគំនូររចនាដោយកុំព្យូទ័រ ហើយផ្ញើត្រឡប់មកកាន់​អ៊ីម៉េល[email protected] ​ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

៣. ដំណាក់កាលទី៣៖ មួលនិធិសូម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌល​សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើស​ស្នាដៃរចនាដែលមានលក្ខណៈពិសេសដើម្បីដាក់បង្ហាញជាសាធារណៈ និងទទួលការវិនិច្ឆ័យ​ន្ថែមពីគណៈកម្មការក្រសួង។ ស្នាដៃរចនាដែលទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ នឹង​ទទួល​បានការឧបត្ថម្ភថវិកាលើកទឹកចិត្ត (៣លាន, ២លាន, និង១លានរៀល)។