ខេត្តបាត់ដំបង៖ ដើម្បីលើកកម្ពស់វិស័យទឹកស្អាតនៅក្រុងបាត់ដំបង បានកំពុងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី មួយទីតាំងទៀត
បាត់ដំបង៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង រួមមាន ថ្នាក់ដឹកនាំ PIU និងសហការីរដ្ឋាករទឹកបាត់ដំបង ក្រុមហ៊ុនម៉ៅការសាងសង់ CCECC ទីប្រឹក្សាបច្ចេកទេស PIAC និងមន្រ្តីជំនាញវាយតម្លៃរបស់ក្រុមបេសកកម្ម ADB និង AFD ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យ និងតាមដានវាយតម្លៃអំពីវឌ្ឍនភាពលើការងារអនុវត្តគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ក្នុងការសាងសង់រោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកបាន៥ម៉ឺនម៉ែត្រត្រីគុណក្នុង១ថ្ងៃ ហើយបច្ចុប្បន្ន រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះកំពុងស្ថាបនាឡើងនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការសាងសង់ដោយក្រុមហ៊ុនម៉ៅការ CCECC ។
នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៃគម្រោងទឹកស្អាត និងអនាម័យខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងកំពុងធ្វើការសាងសងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាព៥០,០០០ ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ ការពិនិត្យស្ថានីយបូមទឹកឆៅ និងសកម្មភាពនៃការតម្លើងបណ្តាញបំពង់ទឹកស្អាតនៅតាមឃុំ សង្កាត់គោលដៅ សំខាន់ៗ ក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យ និងរង្វាយតម្លៃដោយផ្ទាល់នៃគម្រោង និងពិនិត្យបញ្ហាប្រឈម សំណូមពរផ្សេងៗទៀត ក៏ដូចជាដើម្បីធ្វើការពន្លឿនការងារសាងសង់ឱ្យរួចរាល់តាមផែនការកំណត់ ទាំងធានាបាននូវគុណភាពបច្ចេកទេសផងដែរ ។
ដំណើរការនៃការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតនាពេលនេះ គឺជាគោលដៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ទីប្រជុំជនចំនួន១០០% នៅឆ្នាំ២០២៥ និង គោលដៅសហវត្សទឹកស្អាតជាសកលឱ្យបាន១០០% នៅឆ្នាំ២០៣០ ដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាង គឺទឹកមានគុណភាព សុវត្ថិភាព និរន្តរភាព និងមានតម្លៃសមរម្យ ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅខេត្តបាត់ដំបងនេះស្ថិតក្រោមជំនួយអភិវឌ្ឍន៍វិស័យទឹកស្អាត ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ដែលបានផ្តល់ជូនអង្គភាពរដ្ឋាករទឹកបាត់ដំបង នូវគម្រោងទឹកស្អាត និងអនាម័យ ដែលមានទឹកប្រាក់ប្រហែល ៣៣,៦ លានដុល្លារ គម្រោងនេះត្រូវបានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាព ៥០.០០០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងពង្រីកបំពង់ទឹកស្អាតប្រវែង១០០គ.ម នៅតាមឃុំ សង្កាត់គោលដៅ ដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមទៀត ៕