ម៉ូតូ BET និងម៉ូតូ HONDA WAVE ព្រលះគ្នាចេញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងនៅខេត្តព្រះសីហនុ ម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ស្លាកលេខព្រះសីហនុ1G-7881 បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៌ស ពាក់ស្លាកលេខកំពត1J-9147 បើកបរទិសដៅផ្ទុយគ្នា បណ្ដាលឲ្ភាគីខាងម៉ូតូ Bet ស្លាប់នៅកន្លែងកើតហេតុ និងភាគីម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ត្រូវនាំទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗ។

ជនរគ្រោះដែលបាត់បងជីវិតមាន ឈ្មោះ ប៉ោ វឿន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ ចំណែកម្នាក់ទៀតរបួសឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយកម៉ូតូទាំង០២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការដោះស្រាយគ្នាបន្តតាមនីតិវិធីច្បាប់៕