ទំនាក់ទំនងចិន និងសហភាពអឺរ៉ុបកំពុងឈរនៅលើផ្លូវបំបែក

ព្រុចសែល  យោងតាមការចេញផ្សាយដោយសារព័ត៌មាន Finacial Times នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់បំផុតរបស់ទីក្រុងព្រុចសែល បានព្រមាន ថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបគឺកំពុង «នៅផ្លូវបំបែក» ហើយភាគីទាំង២ អាចនឹង «បែកចេញពីគ្នា» ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង គាំទ្ររុស្ស៊ីក្នុងការលុកលុយលើអ៊ុយក្រែន និងច្បាប់ពាណិជ្ជកម្មនៃ «ការរើសអើង»។

លោក Valdis Dombrovskis បានប្រាប់ឲ្យដឹងនៅទីក្រុងប៉េកាំង ថា ប្រទេសចិន ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ឬក៏អាចបាត់បង់ការវិនិយោគ និងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ លោកក៏បានលើកឡើងដែរថា ការបដិសេធថ្កោលទោសសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន កំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសចិននៅលើឆាកអន្តរជាតិ។

អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប ដែលទទួលខុសត្រូវលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច បាននិយាយទៅកាន់មេដឹកនាំចិន ​​នៅឯសាកលវិទ្យាល័យ Tsinghua ថា «យើងកំពុងឈរនៅលើផ្លូវបំបែក។ យើងអាចជ្រើសរើសផ្លូវឆ្ពោះទៅរកទំនាក់ទំនងដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្អែកលើមូលដ្ឋានបើកចំហ តម្លាភាពពាណិជ្ជកម្ម និងការវិនិយោគ»។

លោកបន្ថែមថា «គោលជំហររបស់ចិនជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសដែរ ត្បិតការគោរពបូរណភាពទឹកដីតែងតែស្ថិតនៅជាគោលការណ៍ដ៏សំខាន់មួយរបស់ចិន នៅក្នុងការទូតអន្តរជាតិ។ ដូច្នេះសង្រ្គាមរបស់រុស្ស៊ី គឺជាការបំពាន់ធ្ងន់ធ្ងរលើគោលការណ៍នេះ»។

លោក Dombrovskis បានកត់សម្គាល់ថា «ជោគជ័យសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅលើសកលភាវូបនីយកម្ម ដោយអ្នកប្រើប្រាស់សហភាពអឺរ៉ុបបានទិញទំនិញដែលទាញមនុស្សរាប់រយលាននាក់ចេញពីភាពក្រីក្រ។ ផ្អែកលើបើកចំហ និងកំណែទម្រង់គាំទ្រដល់កំណើន ការអភិវឌ្ឍន៍ ការងារ និងវិបុលភាព ដែលបង្កើតឡើងនៅលើការចូលរួមជាសកល»។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន និងរុស្ស៊ី នឹងជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាដ៏ពិសេសនៅទីក្រុងប៉េកាំង នាខែតុលា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន នៅក្រៅប្រទេសចាប់តាំងពីដីកាចាប់ខ្លួនបានចេញ ដើម្បីប្រឆាំងនឹងរូបលោក ជុំវិញការនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ដោយពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ រុស្ស៊ី និងចិនជារឿយៗ ក៏បានលើកឡើងផងដែរពីភាពជាដៃគូគ្មានព្រំដែននៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា៕